សម្តេចបានលើកឡើងថា ក្នុងគ្រាដ៏លំបាកដែលប្រទេសជាតិបានទទួលរងនូវសង្គ្រាមឈ្លានពាន ស្មារតីសាមគ្គីភាព និងទឹកចិត្តស្នេហាជាតិរបស់ប្រជាជនខ្មែរ នៅគ្រប់ទិសទី បានបង្ហាញយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តដ៏មោះមុត ក្នុងការកសាង និងការពារជាតិមាតុភូមិជាទីស្រឡាញ់។
សម្តេចបានបញ្ជាក់ថា «ការលំបាកនាពេលនេះ គឺជាការលំបាករួមរបស់ខ្មែរគ្រប់រូប ប៉ុន្តែគន្លឹះសំខាន់បំផុត គឺការរួមសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីពង្រឹងសក្តានុពលជាតិលើគ្រប់វិស័យ និងលុបបំបាត់ភាពអសកម្មទាំងឡាយ ដែលអាចធ្វើឱ្យសង្គមជាតិចុះខ្សោយ»។
ជាមួយគ្នានេះ សម្តេច ហ៊ុន ម៉ាណែត បានលើកឡើងថា «សន្តិសុខ សណ្ដាប់ធ្នាប់សង្គម និងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្ម គឺជាអាទិភាពសំខាន់នៃគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីធានាការរស់នៅសុខសាន្តរបស់ប្រជាពលរដ្ឋ។ ក្នុងនោះ ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានចាត់ទុកជាចំណុចអាទិភាពដ៏សំខាន់ នាពេលបច្ចុប្បន្ន»។
សម្តេចបានបញ្ជាក់ថា ដោយសារភាពស្មុគស្មាញ និងលក្ខណៈឆ្លងដែននៃឧក្រិដ្ឋកម្មសម័យទំនើបនេះ រាជរដ្ឋាភិបាល ចាប់ពីនីតិកាលទី៦ រហូតដល់ដើមនីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវវិធានការជាច្រើន និងទទួលបានលទ្ធផលវិជ្ជមានជាក់ស្តែង។ ការកំណត់ឲ្យការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មក្លាយជាកិច្ចការអាទិភាព ក្នុងរបៀបវារៈនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ មិនមែនជាការចៃដន្យនោះទេ ប៉ុន្តែជាការបង្ហាញពីការប្តេជ្ញាចិត្តនយោបាយដ៏មុតស្រួច ក្នុងការដោះស្រាយបញ្ហាដែលជាក្តីកង្វល់រួមរបស់កម្ពុជា តំបន់ និងសហគមន៍អន្តរជាតិ។
ក្នុងឱកាសនេះ សម្តេចបានអំពាវនាវដល់ប្រជាជនខ្មែរគ្រប់ស្រទាប់វណ្ណៈ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ឱ្យចូលរួមដោយស្មារតីទទួលខុសត្រូវ និងការលះបង់ ដើម្បីរួបរួមគ្នាជាកម្លាំងមហាសាមគ្គីជាតិ សំដៅលុបបំបាត់ឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងលើកកម្ពស់កេរ្តិ៍ឈ្មោះដ៏ប្រពៃរបស់ព្រះរាជាណាចក្រកម្ពុជា លើឆាកអន្តរជាតិ។
ជាចុងបញ្ចប់ សម្តេច ហ៊ុន ម៉ាណែត បានប្រសិទ្ធពរជូនដល់បងប្អូនជនរួមជាតិទាំងអស់ សូមប្រកបដោយពុទ្ធពរ និងពរទាំង៥ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕



