2026-01-13 22:21
8

ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបើកប្រតិបត្តិការស្រាវជ្រាវ និងបង្ក្រាបជោគជ័យ លើករណីជនអនាមិក បន្លំលួចគ្រប់គ្រង និងប្រើប្រាស់គណនីបណ្ដាញសង្គម តេឡេក្រាម ដើម្បីបោកបញ្ឆោតជនរងគ្រោះ ក្រោមរូបភាពបន្លំជាអ្នករកស៊ីជាមួយគ្នា។

ប្រតិបត្តិការនេះ អនុវត្តតាមបទបញ្ជាដឹកនាំរបស់​ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំរបស់ ឧត្តមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៦។

ដោយមានការសម្របសម្រួលពី ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ចំនួន ០១ នាក់ ឈ្មោះ ស.ព.ស ភេទប្រុស ជនជាតិខ្មែរ។ តាមរយៈការស្រាវជ្រាវ សមត្ថកិច្ចកំណត់បានថា ជនសង្ស័យបានប្រើប្រាស់គណនីធនាគារ ដើម្បីទទួលប្រាក់ពីសកម្មភាពឆបោកតាមប្រព័ន្ធធនាគារ ជាបន្តបន្ទាប់។

បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ឃាត់ខ្លួន និងកំពុងកសាងសំណុំរឿង បញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។

ជាមួយគ្នានេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមក្រើនរំលឹកដល់សាធារណជន ជាពិសេសប្អូនៗ សិស្ស-និស្សិតទាំងអស់ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះឱកាសការងារតាមអនឡាញ ដែលមិនមានប្រភពច្បាស់លាស់ ព្រោះអាចប្រឈមនឹងការបញ្ចុះបញ្ចូល និងអូសទាញពីជនអនាមិក រហូតក្លាយជាអ្នកពាក់ព័ន្ធ ឬអ្នកទទួលផលពីបទល្មើសផ្សេងៗ និងត្រូវទទួលទោសតាមផ្លូវច្បាប់ជាធរមាន៕