2026-01-24 12:26
18

ភ្នំពេញ៖ គណៈបញ្ជាការដឹកនាំយុទ្ធនាការ បានបញ្ជាក់ថា ការដំណើរការនីតិវិធីលើសំណុំរឿងព្រហ្មទណ្ឌលេខ ៨៧៣ របស់អយ្យការអមសាលាដំបូងខេត្តព្រៃវែង ពាក់ព័ន្ធនឹងបណ្តឹងរបស់ លោក ឯម សុខសុវណ្ណ ប្រធាន «គណបក្សដើម្បីកម្ពុជា» ត្រូវបានអនុវត្តស្របតាមច្បាប់ ដោយមិនមានភាពមិនប្រក្រតីណាមួយឡើយ។

យោងតាមលិខិតឆ្លើយតបចំពោះពាក្យសុំអន្តរាគមន៍ចុះថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ របស់លោក ឯម សុខសុវណ្ណ គណៈបញ្ជាការដឹកនាំយុទ្ធនាការ បានពិនិត្យឯកសារពាក់ព័ន្ធឃើញថា «បញ្ហាបានកើតឡើងពីការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនរថយន្ត Lexus LX470 ឆ្នាំ២០២៣ និងឆ្នាំ២០២៤ ដែលប្រព័ន្ធពន្ធដារបង្ហាញថា នៅតែមានបំណុលពន្ធ សរុបចំនួន ២.៤ លានរៀល»។

លោក ឯម សុខសុវណ្ណ អះអាងថា លោកបានបង់ពន្ធ និងការផាកពិន័យរួចរាល់តាំងពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៤ តាមរយៈមន្ត្រីពន្ធដារមួយរូប ប៉ុន្តែ ទិន្ន័យនៅក្នុងប្រព័ន្ធមិនបង្ហាញការទូទាត់នោះទេ។ ដោយសារបញ្ហានេះ លោកបានដាក់ពាក្យប្តឹងមន្ត្រីពាក់ព័ន្ធ ចំនួន ១០ នាក់ ពីបទ៖ «ឆបោក, រំលោភលើទំនុកចិត្ត និងក្លែងបន្លំ»។

ក្រោយការស៊ើបអង្កេត តំណាងអយ្យការបានសន្និដ្ឋានថា មិនមានតម្រុយបទល្មើសឆបោក ឬក្លែងបន្លំឡើយ ប៉ុន្តែ រកឃើញតម្រុយពាក់ព័ន្ធអំពើពុករលួយ ដូច្នេះនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ សំណុំរឿងត្រូវបានបញ្ជូនទៅអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីបន្តចាត់ការតាមសមត្ថកិច្ច។

បច្ចុប្បន្ន សំណុំរឿងនេះ កំពុងស្ថិតក្រោមការស៊ើបអង្កេតរបស់អង្គភាពប្រឆាំងអំពើពុករលួយ ហើយអយ្យការបានផ្អាកនីតិវិធីរង់ចាំលទ្ធផលជាផ្លូវការ។

គណៈបញ្ជាការដឹកនាំយុទ្ធនាការ បញ្ជាក់ថា «ការដំណើរការនីតិវិធីរបស់តំណាងអយ្យការអមសាលាដំបូងខេត្តព្រៃវែង គឺត្រឹមត្រូវតាមច្បាប់ និងគោរពនីតិវិធីជាធរមាន»៕