2026-01-24 12:30
19

ភ្នំពេញ៖ នាវាចម្បាំងកងទ័ពជើងទឹកសហរដ្ឋអាមេរិក USS CINCINNATI (LCS 20) បានចូលដល់សមុទ្រកម្ពុជា និងចូលចតនៅមូលដ្ឋានសមុទ្ររាម រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ និងអនុវត្តសកម្មភាពសហប្រតិបត្តិការយោធាជាមួយកងទ័ពជើងទឹកកម្ពុជា។

នាវានេះមានទម្ងន់ប្រមាណ ៣,០០០ តោន ប្រវែងជិត ១៣០ ម៉ែត្រ មានសមត្ថភាពផ្ទុកឧទ្ធម្ភាគចក្រផងដែរ ហើយដឹកនាំដោយមេបញ្ជាការវរនាវីត្រី Andrew J. Recame ជាមួយនាវិកប្រមាណ ១០០ នាក់។ ដំណើរទស្សនកិច្ចនេះជាការចូលចតនាវាបរទេសដំបូងបង្អស់របស់អាមេរិកនៅកម្ពុជាក្នុងដើមឆ្នាំ២០២៦។

ការមកដល់នៃនាវាចម្បាំងអាមេរិក ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅដោយឧត្តមនាវីត្រី អ៊ីន សុខេមរា មេបញ្ជាការរងមូលដ្ឋានសមុទ្ររាម កងទ័ពជើងទឹកកម្ពុជា។ ក្នុងឱកាសសំចតនេះ ភាគីទាំងពីរ នឹងរៀបចំកម្មវិធីហ្វឹកហ្វឺនរួម ការផ្លាស់ប្តូរបច្ចេកទេស និងការលេងកីឡាមិត្តភាព ដើម្បីរឹតបន្តឹងចំណងមេត្រីភាព និងបង្កើនការយោគយល់គ្នាទៅវិញទៅមក។

មន្ត្រីកងទ័ពជើងទឹកកម្ពុជា ចាត់ទុកដំណើរទស្សនកិច្ចនេះថា ជាការបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការអនុវត្តគោលនយោបាយបើកចំហ តម្លាភាព និងសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិ ដើម្បីរួមចំណែកថែរក្សាសន្តិភាព និងស្ថិរភាពតំបន់។ កម្ពុជា បន្តគាំទ្រការលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់អាស៊ាន និងឥណ្ឌូ–ប៉ាស៊ីហ្វិក ដោយផ្អែកលើការគោរពអធិបតេយ្យភាព និងច្បាប់អន្តរជាតិ។

តាមកំណត់ត្រា ចាប់តាំងពីឆ្នាំ២០០៣ រហូតដល់ឆ្នាំ២០២៦ នាវាកងទ័ពជើងទឹកសហរដ្ឋអាមេរិក បានចូលសំចតបំពេញទស្សនកិច្ចនៅកម្ពុជាសរុបចំនួន ៣១លើក ជាមួយនាវាចំនួន ៣៧គ្រឿង។ ដំណើរទស្សនកិច្ចលើកនេះ ក៏កើតឡើងស្របពេលមានការមកទស្សនកិច្ចផ្លូវការរបស់នាយឧត្តមនាវី Samuel Paparo មេបញ្ជាការបញ្ជាការដ្ឋានឥណ្ឌូ-ប៉ាស៊ីហ្វិកអាមេរិក នៅកម្ពុជាផងដែរ។

គួរបញ្ជាក់ថា USS CINCINNATI គឺជានាវាកងទ័ពជើងទឹកបរទេសទី៣ ដែលបានចូលចតនៅមូលដ្ឋានសមុទ្ររាម បន្ទាប់ពីការធ្វើទំនើបកម្ម និងសម្ពោធដាក់ឱ្យប្រើប្រាស់កាលពីឆ្នាំ២០២៥ បន្ទាប់ពីនាវាជប៉ុន និងនាវាវៀតណាម។ មន្ត្រីកងទ័ពជើងទឹកកម្ពុជា បានបញ្ជាក់ថា កម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកងទ័ពជើងទឹកប្រទេសមិត្ត និងស្វាគមន៍ការមកទស្សនកិច្ចបន្ថែមទៀតពីនាវាកងទ័ពជើងទឹកសហរដ្ឋអាមេរិកនាពេលខាងមុខ៕