2026-02-03 08:24
16

ប្រែក្លាយពីការភ័យខ្លាចកើតមានសកម្មភាពយោធាជាមួយសហរដ្ឋអាមេរិក ខណៈនេះមេដឹកនាំកំពូលអ៊ីរ៉ង់ កំពុងបង្វែរការព្រួយបារម្ភរបស់ខ្លួនពីការទប់ទល់ជាមួយសត្រូវខាងក្រៅ មកជាការត្រៀមតទល់ជាមួយប្រជាជនក្នុងប្រទេសខ្លួនវិញម្ដង។

តាមរបាយការណ៍ពី Reuter ដែលបានចេញផ្សាយនៅថ្ងៃទី០២ កុម្ភៈ បានឲ្យដឹងថា មេដឹកនាំប្រទេសអ៊ីរ៉ង់ កំពុងបង្ហាញការព្រួយបារម្ភរបស់ខ្លួនកាន់តែខ្លាំងឡើងថា ការវាយប្រហាររបស់សហរដ្ឋអាមេរិក អាចបំបែកការក្តាប់អំណាចរបស់ខ្លួន ដោយវាអាចជាខែលជួយជំរុញឱ្យសាធារណជនអ៊ីរ៉ង ដែលធ្លាប់ខឹងសម្បារនឹងរបបដឹកនាំរបស់ខ្លួនពីមុនមក ងើបឡើងតវ៉ាប្រឆាំងរដ្ឋាភិបាលសារជាថ្មី។ 

យោងតាមប្រភពពីមន្ត្រីបច្ចុប្បន្ន និងអតីតមន្ត្រីរបស់អ៊ីរ៉ង់ចំនួនប្រាំមួយរូប បានបង្ហើបឲ្យដឹងនៅក្នុងកិច្ចប្រជុំថ្នាក់ខ្ពស់មួយ រវាងក្រុមមន្រ្តីជាន់ខ្ពស់ ជាមួយមេដឹកនាំអ៊ីរ៉ង់ថា មន្ត្រីបានប្រាប់មេដឹកនាំកំពូល លោក Ayatollah Ali Khamenei ថា កំហឹងសាធារណៈជនចំពោះការបង្រ្កាបកាលពីខែមុន ដែលជាការបង្ហូរឈាមដ៏ច្រើនបំផុតចាប់តាំងពីបដិវត្តន៍ឥស្លាមឆ្នាំ 1979 មក បានឈានដល់ចំណុចមួយ ដែលបង្ករការភ័យខ្លាចក្នុងការអាចធ្វើឲ្យរង្គើដល់កៅអីដែលមេដឹកនាំរូបនេះកំពុងអង្គុយក្ដាប់អំណាច។

ក្រុមមន្ត្រីបន្តដាស់តឿនមេដឹកនាំអ៊ីរ៉ង់ថា ពេលនេះប្រជាជនអ៊ីរ៉ង់ជាច្រើនបានត្រៀមខ្លួនជាស្រេចដើម្បីប្រឈមនឹងកងកម្លាំងសន្តិសុខម្តងទៀត ហើយចំពោះការដាក់សម្ពាធខាងក្រៅដូចជាការព្រមានវាយប្រហាររបស់សហរដ្ឋអាមេរិក អាចជាកម្លាំងចលករមួយជួយជំរុញក្រុមបាតុករទាំងនោះឲ្យងើបក្រោកឈរតវ៉ាជាថ្មី ដែលហេតុផលទាំងនេះអាចបង្កើនមហន្តរាយដល់អ៊ីរ៉ង់កាន់តែធ្ងន់ ក្នុងការបង្ករឲ្យខូចខាតដល់ការបង្កើតនយោបាយដែលមិនអាចជួសជុលវិញបាន។

ជាការប្រៀបធៀបរវាងការព្រមានពីសត្រូវខាងក្រៅ និងសារដាស់តឿនពីសមាជិកនៅក្នុងប្រទេស កំហឹងសាធារណៈជនមានសភាពកាចសាហាវនិងខ្លាំងក្លាជាងការព្រមានកំហែងពីសត្រូវខាងក្រៅឆ្ងាយណាស់។ របបមួយនឹងដួលរលំយ៉ាងផុយស្រួល ប្រសិនរបបដឹកនាំនោះខុសពីការចង់បានរបស់ប្រជាជននៅក្នុងប្រទេស។ 

បើប្រៀបធៀបនឹងការវាយប្រហារពីសត្រូវខាងក្រៅ ការផ្ដួលរលំរបបពីប្រជាជននៅប្រទេសខាងក្នុង វាមានហានិភ័យខ្លាំងក្លា និងការខូចខាតធ្ងន់ធ្ងរជាង។

យ៉ាងណា ក្រោយការដាស់តឿនពីមន្រ្តីអ៊ីរ៉ង់ជុំវិញហានិភ័យដែលអាចកើតមានលើរបបនៃការដឹកនាំក្នុងប្រទេសនេះ មេដឹកនាំកំពូលទីក្រុងតេអេរ៉ង់មិនទាន់មានការឆ្លើយតប និងបង្ហាញពីគោលគំនិតណាមួយរបស់ខ្លួននោះទេ។

តើអ៊ីរ៉ង់នឹងប្រើដៃម្ខាងទប់ទល់ជាមួយមហាអំណាចពិភពលោក និងដៃម្ខាងទប់ទល់នឹងក្រុមបាតុករដែលមានកម្លាំងដ៏មហិមា ដើម្បីផ្ដួលរបបគ្រប់គ្រងរបស់ខ្លួនបានដោយរបៀបណា? យើងមានតែរង់ចាំមើលសភាពការបន្តទាំងអស់គ្នា!
អត្ថបទដោយ៖ ម៉េង ធីដា