ងាកចេញពីពាក្យថា កុម្មុយនីស្ត តៃវ៉ាន់នៅតែប្រកាសប្រឆាំងនឹងជំហរចិនថា ខ្លួននៅតែឈរលើលទ្ធិធិបតេយ្យគ្មានថ្ងៃប្រែប្រួល ហើយមានតែប្រជាជនតៃវ៉ាន់ទេដែលអាចសម្រេចចិត្តលើអនាគតរបស់ពួកគេបាន។
លោកប្រធានាធិបតី Lai Ching-te បាននិយាយនៅថ្ងៃអង្គារនេះថា តៃវ៉ាន់ត្រូវតែសម្លឹងទៅរកប្រទេសប្រជាធិបតេយ្យរួមគ្នា មិនមែនដូចប្រទេសចិន ដែលធ្វើកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ចដើម្បីទទួលបានតែផលប្រយោជន៍ពីប្រទេសដទៃនោះទេ។
បើតាម Reuter ដែលបានចេញផ្សាយនៅថ្ងៃទី០៣ កុម្ភៈនេះ សម្ដីនៃការលើកឡើងរបស់ លោក Lai Ching-te ធ្វើឡើង ខណៈដែលរដ្ឋាភិបាលរបស់លោកបានគូសផែនទីពីរបៀបដែលកោះនេះ កំពុងមានគម្រោងធ្វើការយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិកលើវិស័យដូចជា AI និងរ៉ែសំខាន់ៗ។
មិនឲ្យចិនមើលងាយបាន តៃវ៉ាន់កំពុងពង្រីកខ្លួនយ៉ាងរហ័សទាំងលើវិស័យយោធា ពាណិជ្ជកម្ម និងសេដ្ឋកិច្ច។ ទាំងនេះមិនមែនជាការចង់ពង្រឹងអំណាចដែនកោះឲ្យលើសចិននោះទេ តែជាខែលដើម្បីត្រៀមទប់ទល់ជាមួយទីក្រុងប៉េងកាំង មិនឲ្យចូលលុកលុយដាក់បញ្ចូលតៃវ៉ាន់ ឲ្យស្ថិតក្នុងបញ្ជីពេញលេញរបស់ចិន។
យុទ្ធសាស្រ្តរបស់តៃវ៉ាន់ពេលនេះ កំពុងពន្លេចខ្លួនឡើងឲ្យចិនមើលឃើញពីអានុភាពដែនកោះរបស់ខ្លួន ហើយក៏ជាការបញ្ឈឺចិត្តចំកណ្ដាលបេះដូងទីក្រុងប៉េកាំងដែរ ខណៈតៃវ៉ាន់កំពុងបន្ទន់ឥរិយាបថកាន់តែខ្លាំងក្នុងការចាប់ដៃគ្នាពង្រឹងវិស័យសន្តិសុខ សេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយទីក្រុងវ៉ាស៊ីនតោន៕
អត្ថបទដោយ៖ ម៉េង ធីដា





