KEFLAVIK, អ៊ីស្លង់ - យន្តហោះចម្បាំងស៊ុយអែតកំពុងល្បាតពាសពេញលំហរអាកាសជុំវិញប្រទេសអ៊ីស្លង់ជាលើកដំបូង ខណៈដែលសម្ព័ន្ធមិត្តណាតូព្យាយាមបង្ហាញទាំងប្រធានាធិបតីអាមេរិក Donald Trump និងសមភាគីរុស្ស៊ី លោក Vladimir Putin ថា ពួកគេយកចិត្តទុកដាក់លើការការពារតំបន់អាក់ទិកជាខ្លាំង។
តាមប្រភពពី Reuter ស៊ុយអែតបានបញ្ជូនយន្តហោះចម្បាំង Saab Gripen ចំនួន 6 គ្រឿង ដែលជាប្រភេទយន្តហោះសម្រាប់ការពារជាតិរបស់ខ្លួន និងជាផ្នែកមួយនៃបេសកកម្មរបស់អង្គការណាតូ Arctic Sentry ផងនោះ ដើម្បីដាក់ការល្បាតហោះលើលំហរអាកាសចាំឈ្លបយកការណ៍លើតំបន់អាក់ទិក។
បេសកកម្មនេះ កំពុងស្វែងរកការពង្រឹងវត្តមានរបស់អង្គការណាតូនៅក្នុងតំបន់អាក់ទិក ដើម្បីលុបបំបាត់ភាពតានតឹងនៅក្នុងសម្ព័ន្ធភាពដែលបណ្តាលមកពីមហិច្ឆតារបស់ លោក Trump ក្នុងការចង់បាន Greenland មកគ្រប់គ្រង។
ឧត្តមសេនីយ Frode Arnfinn Kristoffersen អគ្គសេនាធិការរងផ្នែកប្រតិបត្តិការនៅបញ្ជាការកងកម្លាំងរួមណាតូ Norfolk បាននិយាយថា "អ៊ីស្លង់ ក៏ដូចជាតំបន់អាក់ទិកទាំងអស់មានសារៈសំខាន់ (ក្នុងករណីមានជម្លោះ) ពីព្រោះវាជាខ្សែសង្វាក់ព្រមានសម្រាប់ការវាយប្រហារប្រឆាំងនឹងសហរដ្ឋអាមេរិក ឬកាណាដានៅទូទាំងតំបន់អាក់ទិក" ។
លោកបន្តថា "រុស្ស៊ីមើលឃើញតំបន់អាក់ទិកមានសារៈសំខាន់ក្នុងការក្លាយជាមហាអំណាចមួយ ហើយថែមទាំងបានសាងសង់មូលដ្ឋានទ័ពអាកទិកថ្មី និងបើកទីតាំងអតីតយោធាសូវៀត រួមទាំងកំពង់ផែទឹកជ្រៅ និងវាលយន្តហោះថែមទៀតផង"។
ជុំវិញការលើកឡើងនេះ រុស្ស៊ីបានចេញមកច្រានចោលជាច្រើនដង និងទម្លាក់ការចោទប្រកាន់នេះវិញថា ជារឿងដែលបង្កើតឡើងដោយមេដឹកនាំលោកខាងលិចទាំងស្រុង។
គួរឲ្យដឹងថា យន្តហោះចម្បាំងស៊ុយអែតភាគច្រើននាពេលនេះ កំពុងហោះឆ្វែលរកយន្តហោះទម្លាក់គ្រាប់បែករយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី ដែលអាចហោះចេញពីមូលដ្ឋានទ័ពអាកាសនៅលើឧបទ្វីបកូឡា ដែលជាទីជម្រករបស់កងនាវាចរខាងជើងរបស់រុស្ស៊ី៕





