ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀងទទួលបានជ័យជម្នះយ៉ាងធំធេងលើភ្នំពេញក្រោនក្នុងលទ្ធផល ៤-១ សម្រាប់ការប្រកួតជើងទី១ វគ្គ៨ ក្រុមចុងក្រោយពានរង្វាន់AFC Challenge League នាថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។
ដោយដែលយើងបានឃើញហើយថាក្រុមទាំងពីរបានដាក់កីឡាករបរទេសពេញជើងដូចគ្នាក្នុងការប្រកួតជើងទី១នេះគួរឲ្យចាប់អារម្មណ៍និងរំភើបរីករាយសម្រាប់អ្នកគាំទ្រ។គ្រាន់តែបើកឆាកមិនបានប៉ុន្មាននាទីផងភ្នំពេញក្រោនបានបើកការនាំមុខ១-០ដោយកីឡាករ Moses Dyer ប៉ុន្តែព្រះខ័នរាជស្វាយរៀងបានតាមស្មើ ១-១ នៅនាទី២៩ ដោយកីឡាករ Kwame Peprah។
ចំណែកនៅក្នុងវគ្គទី២វិញព្រះខ័នរាជស្វាយរៀងសហការគ្នាធ្វើបានយ៉ាងល្អឥតខ្ចោះដោយរកបាន៣គ្រាប់បន្ថែមទៀតក្នុងនោះមានកីឡាករ Kwame Peprah ស៊ុតបាន ២ គ្រាប់ទៀតគឺនៅនាទី៦៧និងនាទី៨២ហើយ១គ្រាប់ទៀតដោយកីឡាករPatrick Robzonតាមរយៈការស៊ុតប៉េណាល់ទី។
ទោះជាជ័យជម្នះនេះបានផ្តល់ឲ្យព្រះខ័នរាជស្វាយរៀងមានភាពកក់ក្តៅ តែលោកMcConkeyដែលជាគ្រូបង្វឹករបស់ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀងលើកឡើងថាកុំរីករាយពេកត្បិតតែការប្រកួតនៅសល់ 90 នាទីទៀតអ្វីក៏អាចកើតមានឡើងដែរនៅក្នុងបាល់ទាត់ ហើយការឈ្នះលើភ្នំពេញក្រោនម្សិលមិញនេះចាត់ទុកជាការឈ្នះនៅវគ្គ៤៥នាទីដំបូងដូច្នេះនៅប្រកួតជើងទី២តទៅទៀត ហើយសម្រាប់ការប្រកួតជើងទី២ នៅថ្ងៃទី១២ ខែមីនាឆ្នាំ២០២៦នៅពហុកីឡដ្ឋានជាតិមរតកតេជោ៕










