កាលពី ថ្ងៃព្រហស្បតិ៍ ទី១២ ខែមីនា ឆ្នាំ២០២៦ នេះ សហរដ្ឋអាមេរិកបានសម្រេច ដកទណ្ឌកម្មជាបណ្តោះអាសន្ន លើប្រេងរុស្ស៊ីដែលកំពុងស្ថិតនៅលើសមុទ្រ ដើម្បីអនុញ្ញាតឲ្យប្រទេសជុំវិញពិភពលោកអាចទិញ និងដឹកជញ្ជូនបាន។
ជំហាននេះត្រូវបានគេដាក់ចេញក្នុងពេលដែលរដ្ឋបាល របស់លោក ដូណាល់ ត្រាំ ព្យាយាមសម្រួលតម្លៃថាមពលដែលបានកើនឡើងខ្ពស់ ដោយសារសង្គ្រាមនៅអ៊ីរ៉ង់។
រដ្ឋមន្ត្រីក្រសួងរតនាគារជាតិ លោក Scott Bessent បានបញ្ជាក់ថា ការលើកលែងនេះអាចបន្ថែមប្រេងឆៅរាប់រយលានបារ៉ែលទៅក្នុងទីផ្សារពិភពលោក និងជួយកាត់បន្ថយតម្លៃប្រេងឆៅដែលបានហក់ឡើងជិត ១០០ ដុល្លារ ក្នុងមួយបារ៉ែល ដោយសារតែភាពតានតឹងសេដ្ឋកិច្ចពាក់ព័ន្ធជាមួយសង្គ្រាមនៅអ៊ីរ៉ង់។
ការសម្រេចនេះត្រូវបានគេចាត់ទុកថា ជាចំណុចរបត់សំខាន់បន្ទាប់ពីអាមេរិកបានអនុវត្តទណ្ឌកម្មធ្ងន់ធ្ងរលើរុស្ស៊ី ក្នុងប្រតិបត្តិការសង្គ្រាមនៅអ៊ុយក្រែន ចាប់តាំងពីឆ្នាំ២០២២។ ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក និងប្រទេស G7 រួមមាន ការកំណត់តម្លៃប្រេងរុស្ស៊ី និងការតាមដាន “កងនាវាស្រមោល” (shadow fleet) ដែលជាកប៉ាល់គ្មានស្លាកសញ្ញាដែលប្រើសម្រាប់គេចពីទណ្ឌកម្ម។
នៅពេលដែលសង្គ្រាមរបស់អ៊ីរ៉ង់កើនឡើង ការលើកលែងប្រេងរុស្ស៊ីត្រូវបានប្រើ ដើម្បីកាត់បន្ថយការឈឺចាប់ផ្នែកសេដ្ឋកិច្ច និងធានាលំហូរប្រេងទៅទីផ្សារពិភពលោក។
រដ្ឋបាលរបស់លោក ត្រាំ ក៏បានអនុញ្ញាតឲ្យប្រេងរុស្ស៊ី ដែលកំពុងស្ថិតនៅលើសមុទ្រ អាចដឹកជញ្ជូនទៅប្រទេសឥណ្ឌា និងប្រើប្រាស់កញ្ចប់ធានារ៉ាប់រងដែនសមុទ្រ ដើម្បីគាំទ្រការផ្គត់ផ្គង់។
លោក Bessent បានផ្តល់ការអះអាងថា រុស្ស៊ីនឹង មិនទទួលបានអត្ថប្រយោជន៍ធំដុំពីវិធានការនេះ, ទោះបីជាក៏ទទួលបានអត្ថប្រយោជន៍ផ្នែកហិរញ្ញវត្ថុខ្លះៗ។
លោកបានសរសេរនៅលើបណ្តាញសង្គមថា៖ «ដើម្បីបង្កើនលំហូរនៃការផ្គត់ផ្គង់ដែលមានស្រាប់ទៅកាន់ទីផ្សារពិភពលោក, រតនាគារអាមេរិកនឹងអនុញ្ញាតជាបណ្តោះអាសន្ន ដើម្បីឱ្យបណ្តាប្រទេសនានា អាចទិញប្រេងរុស្ស៊ី ដែលកំពុងជាប់គាំងនៅលើសមុទ្រ»។
លោកបានបន្តថា វិធានការរយៈពេលខ្លីនេះ អនុវត្តតែចំពោះប្រេងកំពុងដឹកជញ្ជូនប៉ុណ្ណោះ ហើយមិនផ្តល់អត្ថប្រយោជន៍ធំដុំដល់រដ្ឋាភិបាលរុស្ស៊ីទេ ព្រោះប្រេងរុស្ស៊ីភាគច្រើននាំចូលតាមពន្ធនៅកន្លែងបូមប្រេង៕



