2026-03-11 14:49
25

អ៊ីរ៉ង់ ចាប់ខ្លួនមនុស្ស 30នាក់ភ្លាមៗ ក្រោមការចោទប្រកាន់ពីបទចារកម្មសម្រាប់ធ្វើរនុកក្នុងឲ្យសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។

តាមក្រសួងស៊ើបការណ៍សម្ងាត់អ៊ីរ៉ង់បានពណ៌នាក្រុមមនុស្សទាំង 30នាក់ថា ពួកគេត្រូវបានចាប់ខ្លួនក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ព្រោះក្រុមទាំងនេះជាអ្នកស៊ើបការណ៍ ទាហានស៊ីឈ្នួល និងភ្នាក់ងារសម្ងាត់របស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល។ 

ក្នុងប្រតិបត្តិការកំចាត់ដង្កូវក្នុងសាច់ខាងលើ អាជ្ញាធរអ៊ីរ៉ង់បានរឹបអូសអាវុធជាច្រើនដើម រួមទាំងគ្រាប់រំសេវមួយចំនួនធំផងដែរ។ តាមក្រសួងស៊ើបការណ៍ដដែល បានឱ្យដឹងថា ជនជាតិបរទេសទាំងនេះបានធ្វើចារកម្មក្នុងនាមជំនួសមុខឲ្យសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ដោយដើរតួជាអន្តរការីរវាងរដ្ឋឈូងសមុទ្រទាំងពីរ។ 

ជនសង្ស័យបានបញ្ជូនព័ត៌មានទៅកាន់សត្រូវទាក់ទងនឹងទីតាំង ចលនារបស់ប៉ូលីស និងកងកម្លាំងយោធាអ៊ីរ៉ង់ ព្រមទាំងកន្លែងយោធាផ្សេងទៀតផងដែរ។

វិលទៅអតីតកាល រាប់តាំងពីសង្គ្រាមរយៈពេល 12ថ្ងៃជាមួយអ៊ីស្រាអែល និងសហរដ្ឋអាមេរិកក្នុងខែមិថុនា ឆ្នាំ 2025 អ៊ីរ៉ង់បានបើកការបង្ក្រាបយ៉ាងខ្លាំងលើពួកចារកម្ម ដោយមានការចាប់ខ្លួន និងប្រហារជីវិតមនុស្សជាច្រើនលើការចោទប្រកាន់បែបនេះ។ 

អ្នកជំនាញអន្តរជាតិជឿថា លោក Mossad ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់អ៊ីស្រាអែល និងទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កណ្តាលរបស់សហរដ្ឋអាមេរិក (CIA) បានកសាងបណ្តាញចារកម្មដ៏ក្រាស់នៅក្នុងប្រទេសអ៊ីរ៉ង់អស់ជាច្រើនទសវត្សរ៍ ដោយជ្រើសរើសមន្ត្រីពុករលួយ អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរ និងអ្នកប្រឆាំងធ្វើជាអ្នកផ្តល់ព័ត៌មាន ដើម្បីរាយការណ៍ពីព័ត៌មាន និងកំណត់គោលដៅរបស់អ៊ីរ៉ង់បានកាន់តែច្បាស់៕