2026-03-11 12:26
25

អ៊ីរ៉ង់ប្រកាសក្ដែងៗថា អ្នកការទូតរបស់ខ្លួនបួននាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល លើសណ្ឋាគារមាត់សមុទ្រក្នុងប្រទេសលីបង់កាលពីចុងសប្តាហ៍មុន។ 

នៅក្នុងលិខិតបន្ទាន់មួយផ្ញើទៅកាន់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres នៅមហាសន្និបាតអង្គការសហប្រជាជាតិ និងក្រុមប្រឹក្សាសន្តិសុខកាលពីថ្ងៃទី១០ ខែមីនា បេសកកម្មអចិន្ត្រៃយ៍របស់អ៊ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិបានចោទប្រកាន់អ៊ីស្រាអែលថា បានវាយប្រហារសណ្ឋាគារ Ramada ក្នុងតំបន់មាត់សមុទ្រនៃទីក្រុង បេរូត (Beirut) ប្រទេសលីបង់កាលពីពីរថ្ងៃមុន។ ទីក្រុងតេអេរ៉ង់បានពិពណ៌នាថាវាជា "ការវាយប្រហារភេរវកម្មដោយចេតនា" ដែលបានសម្លាប់អ្នកការទូតអ៊ីរ៉ង់រហូតដល់បួននាក់។

មើលឃើញពីភាពអសកម្មខ្លាំង ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិ លោក អាមៀ សាអ៊ីដ អ៊ីរ៉ាវ៉ានី (Amir Saeid Iravani) បានរិះគន់ក្រុមប្រឹក្សាសន្តិសុខថា អង្គការនេះមិនអើពើពីឧក្រិដ្ឋកម្មសង្គ្រាម ដែលកំពុងកើតមាននៅមជ្ឈិមបូព៌ាទេ។ 

លោក Iravani បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងញូវយ៉កថា "ក្រុមប្រឹក្សាសន្តិសុខ កំពុងបិទភ្នែកចំពោះការរំលោភយ៉ាងធ្ងន់ធ្ងរ បើទោះបីជាការទទួលខុសត្រូវចម្បងរបស់ខ្លួននៅក្រោមធម្មនុញ្ញអង្គការសហប្រជាជាតិក្នុងការរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិក៏ដោយ"។

សូមបញ្ជាក់ថា យោធាអ៊ីស្រាអែលបានប្រកាសថា ខ្លួនបានអនុវត្តការវាយប្រហារតាមអាកាសជាក់លាក់មួយសំដៅលើមេបញ្ជាការសំខាន់ៗ នៃកងកម្លាំងវរជននៃកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) ដែលមានជំនាញក្នុងប្រតិបត្តិការយោធាបរទេស។ 

តាមក្រសួងសុខាភិបាលលីបង់បានរាយការណ៍ថា យ៉ាងហោចមនុស្ស 4 នាក់បានស្លាប់ និង 10 នាក់បានរងរបួស នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលលើបន្ទប់សណ្ឋាគារនៅរ៉ាម៉ាដា៕