ប្រធានាធិបតីកូរ៉េខាងត្បូងបាននិយាយថា លោកមិនអាចរារាំងសហរដ្ឋអាមេរិកពីការផ្ទេរអាវុធបានទេ បន្ទាប់ពីបែកធ្លាយរបាយការណ៍ថា ទីក្រុងវ៉ាស៊ីនតោនកំពុងដាក់ពង្រាយប្រព័ន្ធមីស៊ីល Patriot ពីប្រទេសខ្លួនទៅកាន់មជ្ឈិមបូព៌ា។
ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae-myung បាននិយាយក្នុងអំឡុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅថ្ងៃទី១០ ខែមីនាថា ភាពចម្រូងចម្រាសកំពុងកើតឡើង ពិសេសទាក់ទងនឹងកងកម្លាំងសហរដ្ឋអាមេរិក នៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលមានគម្រោងដឹកជញ្ជូនឧបករណ៍មួយចំនួន ដូចជាកាំភ្លើងធំ និងអាវុធប្រឆាំងយន្តហោះ ចេញពីទីក្រុងសេអ៊ូល។
លោក Lee បន្ថែមថា ដំបូងឡើយកូរ៉េខាងត្បូងបានសម្ដែងការជំទាស់យ៉ាងខ្លាំងចំពោះដំណើរការនេះ ប៉ុន្តែពេលគិតម្ដងទៀត ការដកអាវុធអាមេរិកមួយចំនួនចេញពីកូរ៉េខាងត្បូង វាមិនប៉ះពាល់ដល់សុវត្ថិភាពប្រទេសរបស់ខ្លួនឡើយ ជាពិសេសជុំវិញការរារាំងកូរ៉េខាងជើង។ លោក Lee ចំអកឲ្យ លោក គីម ជុងអ៊ុន ថាការចំណាយលើវិស័យការពារជាតិ និងសមត្ថភាពយោធារបស់ទីក្រុងសេអ៊ូល មិនមែនពឹងផ្អែកលើអាវុធនុយក្លេអ៊ែរលើសពីទីក្រុងព្យុងយ៉ាងទេ។
តាមរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក ឆូ ហុន (Cho Hyun) បានឲ្យដឹងដែរថា ទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោន កំពុងពិភាក្សាគ្នាអំពីលទ្ធភាពនៃការដាក់ពង្រាយប្រព័ន្ធការពារដែនអាកាស Patriot មួយចំនួនរបស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសកូរ៉េខាងត្បូង សម្រាប់ប្រើប្រាស់ក្នុងជម្លោះនៅមជ្ឈិមបូព៌ា។
យោងតាមកាសែត Chosun បង្ហាញថា មីស៊ីល Patriot ត្រូវបានដកចេញពីមូលដ្ឋានទ័ពអាកាស Osan ហើយទំនងជាត្រូវបានដាក់ពង្រាយទៅកាន់មូលដ្ឋានយោធាអាមេរិក នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត និងអារ៉ាប់រួម (UAE)។
គួរឲ្យដឹងថា សហរដ្ឋអាមេរិករក្សាវត្តមានយោធាដ៏ធំនៅក្នុងប្រទេសកូរ៉េខាងត្បូង ដើម្បីជួយប្រទេសនេះការពារខ្លួនប្រឆាំងនឹងការគំរាមកំហែងពីកូរ៉េខាងជើង។
ទាហានអាមេរិកប្រមាណ 28,500 នាក់ និងប្រព័ន្ធការពារដែនអាកាស រួមទាំង Patriot និង THAAD ត្រូវបានដាក់ពង្រាយនៅក្នុងប្រទេសអាស៊ីបូព៌ា។
លើសពីនេះ តាមការវាយប្រហារជាបន្តបន្ទាប់របស់អ៊ីរ៉ង់ កំពុងដាក់សម្ពាធយ៉ាងខ្លាំងទៅលើបណ្តាញការពារដែនអាកាសរបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួននៅមជ្ឈិមបូព៌ា។
ក្រុមអ្នកសង្កេតការណ៍ជឿថា ប្រព័ន្ធការពារកាំជ្រួច Patriot នៅក្នុងតំបន់កំពុងប្រឈមមុខនឹងហានិភ័យនៃការអស់មីស៊ីលស្ទាក់ចាប់ ខណៈដែលសមត្ថភាពក្នុងការបំពេញបន្ថែមស្តុកមានកំណត់។ ក្នុងនោះ ការសងសឹករបស់អ៊ីរ៉ង់ក៏បានបំផ្លាញប្រព័ន្ធរ៉ាដាជាច្រើន រួមទាំង AN/TPY-2 របស់ THAAD ដែលដាក់ពង្រាយដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តនៅក្នុងតំបន់នោះផងដែរ៕





