2026-03-10 13:50
14

ទីប្រឹក្សារបស់មេដឹកនាំកំពូលអ៊ីរ៉ង់បានច្រានចោលជម្រើសការទូតជាមួយអាមេរិក ដោយប្រកាសថាសង្រ្គាមនឹងបញ្ចប់ដោយការខាតបង់សេដ្ឋកិច្ចជំនួស។ លោក Kamal Kharazi ទីប្រឹក្សាគោលនយោបាយការបរទេសនៃការិយាល័យមេដឹកនាំកំពូលអ៊ីរ៉ង់បាននិយាយនៅថ្ងៃទី9 ខែមីនាថា "ខ្ញុំលែងឃើញឱកាសសម្រាប់ការទូតទៀតហើយ។

ដោយសារតែ Donald Trump បានបោកបញ្ឆោតអ្នកដទៃ និងបំពានការសន្យារបស់គាត់។ យើងបានឆ្លងកាត់ការចរចានេះពីរដង។ ន័យនេះ ទីប្រឹក្សាបរទេសអ៊ីរ៉ង់ខាងលើ ចោទប្រធានាធិបតីអាមេរកថា លោក ត្រាំ គ្រាន់តែប្រើការសន្យាខ្យល់ជាមួយអ៊ីរ៉ង់ប៉ុណ្ណោះ ចុងបញ្ចប់លោកនៅតែជ្រើសផ្លូវហិង្សា ដោះស្រាយបញ្ហាជាមួយទីក្រុងតេអេរ៉ង់ដដែល។ លោក Kharazi បានបន្ថែមថា ជម្លោះអ៊ីរ៉ង់-អាមេរិក នឹងបញ្ចប់ លុះត្រាតែសម្ពាធសេដ្ឋកិច្ចកើនឡើងខ្ពស់ដល់ចំណុចមួយ ដែលរដ្ឋឈូងសមុទ្រទ្រាំមិនបាននិងចេញមុខជួយ អន្តរាគមន៍ ដោយដាក់សម្ពាធលើសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។ 

លោកនិយាយថា "សង្រ្គាមនេះកំពុងបង្កើតសម្ពាធសេដ្ឋកិច្ចជាច្រើនលើប្រទេសផ្សេងទៀត ដូចជាអតិផរណា និងកង្វះថាមពល។ ដូច្នេះហើយ ប្រសិនបើវានៅតែបន្ត សម្ពាធនេះនឹងកើនឡើង ហើយប្រទេសនានានឹងគ្មានជម្រើសអ្វីក្រៅពីធ្វើអន្តរាគមន៍" ។ 

ខណៈនេះ ជម្លោះនៅមជ្ឈិមបូព៌ា បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ពាណិជ្ជកម្មថាមពលពិភពលោក។ យោងតាមទិន្នន័យពី Rapidan Energy Group បង្ហាញថា ប្រមាណ 20% នៃការផ្គត់ផ្គង់ប្រេងរបស់ពិភពលោក កំពុងត្រូវបានរំខានដោយសារតែជម្លោះនាពេលបច្ចុប្បន្ន។ 

តាមរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានចំអកទៅសហរដ្ឋអាមេរិកថា ប្រទេសនេះកំពុងសាងកំហុសដ៏គួរឱ្យភ័យខ្លាចដល់ពិភពលោក។ 

លោកបន្ថែមថា អ៊ីរ៉ង់បានប្រើយុទ្ធសាស្រ្តដោយធ្វើឱ្យតម្លៃប្រេងឡើងថ្លៃ។ លោក Araghchi បន្តផ្លែផ្កាទៅ លោក ត្រាំ ថា លោកដឹង ថាសហរដ្ឋអាមេរិកកំពុងរៀបចំផែនការដើម្បីកំណត់គោលដៅតំបន់ប្រេង និងកន្លែងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ក្នុងក្តីសង្ឃឹមថានឹងអាចទប់ស្កាត់អតិផរណាដ៏ធំមួយនាពេលនេះបាន ប៉ុន្តែឥឡូវនេះ ទីក្រុងតេអេរ៉ង់ក៏កំពុងត្រៀមការភ្ញាក់ផ្អើលដ៏ធំមួយសម្រាប់អាមេរិកផងដែរ។

សូមបញ្ជាក់ថា តាមអ្នកនាំពាក្យនៃកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បាននិយាយកាលពីថ្ងៃទី8 ខែមីនាថា ទីក្រុងតេអេរ៉ង់កំពុងប្រើប្រាស់កម្លាំង 60% ដើម្បីវាយប្រហារមូលដ្ឋានទ័ពអាមេរិក និងប្រើផលប្រយោជន៍យុទ្ធសាស្ត្រនៅក្នុងតំបន់។

តើវិបត្តិប្រេងពិភពលោកនឹងកើនឡើងខ្ពស់ប៉ុណ្ណា ប្រសិនសង្គ្រាមនៅមជ្ឈិមបូព៌ានៅតែបន្តអូសបន្លាយបែបនេះទៀត?