2026-03-07 16:17
9

កាសែត Washington Post បានរាយការណ៍កាលពីថ្ងៃទី 6 ខែមីនា ដោយដកស្រង់សម្តីមន្ត្រីស៊ើបការណ៍សម្ងាត់បីនាក់ថា ចាប់តាំងពីជម្លោះបានផ្ទុះឡើងនៅមជ្ឈិមបូព៌ា កាលពីថ្ងៃទី 28 ខែកុម្ភៈមក រុស្ស៊ីបានផ្តល់ព័ត៌មានដល់អ៊ីរ៉ង់អំពីទីតាំងយោធារបស់អាមេរិកនៅមជ្ឈិមបូព៌ា រួមទាំងនាវាចម្បាំង និងយន្តហោះ។ ក្រោយរបាការណ៍នេះបែកធ្លាយ វិមានក្រឹមឡាំងបានចេញបដិសេធទាំងស្រុង និងមិនព្រមធ្វើអត្ថាធិប្បាយលម្អិតលើបញ្ហានេះទេ។ 

យ៉ាងណា ក្រោយចេញផ្សាយរបាយការណ៍ដ៏សំខាន់នេះពី Washington Post អាមេរិកហាក់បង្ហាញឥរិយាបថព្រហើយកន្តើយ ដោយមិនខ្វល់ថាទីក្រុងមូស្គូកំពុងផ្តល់ការស៊ើបការណ៍សម្ងាត់ដល់ប្រទេសអ៊ីរ៉ង់អំពីទីតាំង និងការចល័តទ័ពរបស់ខ្លួននោះទេ។ 

អ្នកនាំពាក្យសេតវិមានលោកស្រី Karoline Leavitt បាននិយាយថា "ច្បាស់ណាស់ វាមិនមានអ្វីប្លែកចំពោះយុទ្ធនាការយោធាក្នុងប្រទេសអ៊ីរ៉ង់ទេ ពីព្រោះសហរដ្ឋអាមេរិកកំពុងផ្តល់ការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់ពួកគេ។ យើងកំពុងសម្រេចបាននូវគោលបំណងយោធានៃយុទ្ធនាការនេះ ហើយវានឹងបន្ត" ។ 

តាមរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth ក៏បានលើកឡើងដែរថា លោកមិនមានការព្រួយបារម្ភពីរបាយការណ៍រសើបនេះទេ ។ 

លោក Hegseth បន្តថា មេបញ្ជាការអាមេរិកដឹងច្បាស់ពីស្ថានភាពទាំងងអស់។ មិនតែប៉ុណ្ណោះ សហរដ្ឋអាមេរិកមានប្រព័ន្ធស៊ើបការណ៍សម្ងាត់ល្អបំផុតនៅក្នុងពិភពលោក និងដឹងយ៉ាងច្បាស់ថាអ្នកណាកំពុងមានទំនាក់ទំនងជាមួយអ្នកណា។ 

រដ្ឋមន្ត្រីអាមេរិករូបនេះ បន្ថែមថា អ៊ីរ៉ង់មានផ្កាយរណបយោធាមួយក្តាប់តូចប៉ុណ្ណោះ ហើយមិនមានបណ្តាញផ្កាយរណបផ្ទាល់ខ្លួនទេ។ 

ទោះពេលនេះអាមេរិកកំពុងមើលស្រាលសមត្ថភាពអ៊ីរ៉ង់យ៉ាងណាក៏ដោយ តែតាម លោកស្រី Nicole Grajewski អ្នកឯកទេសក្នុងកិច្ចសហប្រតិបត្តិការអ៊ីរ៉ង់-រុស្ស៊ីនៅមជ្ឈមណ្ឌល Belfer បានកត់សម្គាល់ថា ការវាយប្រហារសងសឹករបស់អ៊ីរ៉ង់លើកនេះទៅលើអាមេរិក បានបង្ហាញពីកម្រិតខ្ពស់នៃ "ភាពឆ្លាតវៃ" ទាំងនៅក្នុងលក្ខខណ្ឌនៃការកំណត់គោលដៅរបស់ទីក្រុង Tehran និងសមត្ថភាពរបស់ខ្លួនក្នុងការគ្របដណ្តប់លើការការពារសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តនៅក្នុងករណីមួយចំនួន។
 
លោកស្រី បន្តថា  អ៊ីរ៉ង់កំពុងវាយលុកការការពារដែនអាកាសរបស់អាមេរិកយ៉ាងអង់អាច។ នេះសបញ្ជាក់ថា សមត្ថភាពនៃការវាយប្រហាររបស់អ៊ីរ៉ង់ហាក់ដូចជាមានភាពប្រសើរឡើង បើប្រៀបធៀបទៅនឹងសង្រ្គាមរយៈពេល 12 ថ្ងៃជាមួយអ៊ីស្រាអែលកាលពីពេលកន្លងទៅ៕