2026-03-07 14:55
4

ប៊ែររូត/វ៉ាស៊ីនតោន/ហ្សេរុយសាឡឹម ថ្ងៃទី 7 ខែមីនា (រ៉យទ័រ) - មួយសប្ដាហ៍គត់ គិតចាប់ពីថ្ងៃទី២៨ កុម្ភៈ រហូតដល់ថ្ងៃទី០៧ មីនា ឆ្នាំ២០២៦នេះ សង្គ្រាមនៅអ៊ីរ៉ង់នៅតែបន្តកើនឡើង ហើយរីកធំធាត់ពីមួយថ្ងៃទៅមួយថ្ងៃ ជាមួយនឹងភាពមិនប្រាកដប្រជាថាពេលណាភាពតានតឹងនេះនឹងបញ្ចប់។ 

តាមការចេញផ្សាយដោយ Rueter នៅថ្ងៃសៅរ៍ ខែមីនានេះបានឲ្យដឹងថា ដោយមើលឃើញពីភាពរឹងរូស មិនព្រមចុះញ៉មរបស់អ៊ីរ៉ង់ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានទាមទារឱ្យទីក្រុងតេអេរ៉ង់ "ចុះចាញ់ដោយគ្មានលក្ខខណ្ឌ" ។ 

លើសពីនេះ តាមរយៈការសរសេរបង្ហោះលើបណ្ដាញសង្គមផ្លូវការរបស់ខ្លួនកាលពីថ្ងៃសុក្រ លោក ត្រាំ សង្កត់ធ្ងន់មួយកម្រិតទៀតថា "នឹងគ្មានកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ទេ លើកលែងតែការចុះចាញ់ដោយគ្មានលក្ខខណ្ឌប៉ុណ្ណោះ!" ។ 

ប្រឹងកៀបករអ៊ីរ៉ង់ឲ្យចុះចាញ់សង្គ្រាមកណ្ដាលទី ទាំងដែលទីក្រុងតេអេរ៉ង់នៅតែបដិសេធទាំងក្រាញននៀលថាខ្លួនគ្មានថ្ងៃឱនក្បាលឲ្យអាមេរិកទេ។ 

លោក ត្រាំ នៅតែអះអាងថា បើសិនអ៊ីរ៉ង់ព្រមទទួលស្គាល់ភាពបរាជ័យរបស់ខ្លួនជាផ្លូវការ កិច្ចការបន្ទាប់របស់អាមេរិកគឺជួយជ្រើសរើសមេដឹកនាំដ៏អស្ចារ្យម្នាក់សម្រាប់អ៊ីរ៉ង់។ លោកបន្តថា “យើងនិងសម្ព័ន្ធមិត្ត រួមទាំងដៃគូដ៏អស្ចារ្យ និងក្លាហានបំផុតរបស់យើង នឹងធ្វើការដោយមិនចេះនឿយហត់ ដើម្បីនាំអ៊ីរ៉ង់ត្រលប់ពីការបំផ្លិចបំផ្លាញ មកជាធ្វើឱ្យវាកាន់តែធំ ប្រសើរ និងរឹងមាំជាងពេលមុនៗ"៕