បាងកក៖ ស្របពេលដែលស្ថានការណ៍នៅមជ្ឈិមបូព៌ាមានភាពតានតឹងខ្លាំង នាយករដ្ឋមន្ត្រីថៃ លោក អនុទីន ឆាន់វីរៈគុល បានបញ្ជាឱ្យហាមឃាត់ជាបណ្ដោះអាសន្នលើការនាំចេញប្រេងឥន្ធនៈ និងឧស្ម័នប្រេងរាវ (LPG) ជាច្រើនប្រភេទ ដើម្បីការពារការខ្វះខាតដែលអាចកើតមាននៅក្នុងប្រទេសថៃ។
តាម Khaosod បានឲ្យដឹងថា បទបញ្ជានេះបានចុះផ្សាយក្នុងរាជកិច្ចរបស់រដ្ឋាភិបាលថៃ នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ ហើយគ្រោងចូលជាធរមានភ្លាមៗ ក្រោមបទបញ្ជារបស់នាយករដ្ឋមន្ត្រីលេខ ២/២០២៦។
វិធានការនេះផ្អាកការនាំចេញប្រេងឥន្ធនៈចម្រាញ់ រួមមាន៖ សាំង ហ្គាសសូហូល ម៉ាស៊ូតល្បឿនលឿន និងប្រេងឥន្ធនៈយន្តហោះ Jet A1 ក៏ដូចជាឧស្ម័ន LPG ។
តាមរដ្ឋាភិបាលថៃបាននិយាយថា វិធានការនេះធ្វើឡើងបន្ទាប់ពី សហរដ្ឋអាមេរិក អ៊ីស្រាអែល និងអ៊ីរ៉ង់ កំពុងមានសង្គ្រាមកាន់តែខ្លាំងឡើង ជាពិសេសការវាយប្រហារតាមអាកាសលើទីតាំងយុទ្ធសាស្ត្រនៅមជ្ឈិមបូព៌ា និងការរឹតត្បិតកាន់តែតឹងរ៉ឹងលើផ្លូវដឹកជញ្ជូននៅឈូងសមុទ្រពែរ្ស និងច្រកសមុទ្រ Hormuz ដែលជាច្រករបៀងសំខាន់ៗសម្រាប់ការដឹកជញ្ជូនប្រេងទូទាំងពិភពលោក។
អាជ្ញាធរថៃ ដាក់ការព្រមានថា ស្ថានភាពនេះអាចរំខានដល់ការផ្គត់ផ្គង់ប្រេងឥន្ធនៈរបស់ប្រទេសថៃ ហើយនៅតែមិនអាចទាយទុកជាមុនបាន។
គួរបញ្ជាក់ថា យោងតាមបទបញ្ជាខាងលើ ការហាមឃាត់ក្នុងការនាំចេញនេះមិនអនុវត្តចំពោះការដឹកជញ្ជូនប្រេងឥន្ធនៈទៅកាន់ប្រទេសឡាវ និងមីយ៉ាន់ម៉ាទេ។ ហើយសេចក្តីណែនាំនេះ ត្រូវបានចេញក្រោមអំណាចដែលផ្តល់ដោយច្បាប់បង្ការការខ្វះខាតប្រេងឥន្ធនៈឆ្នាំ 1973 ដែលមានគោលបំណងទប់ស្កាត់ ឬដោះស្រាយការខ្វះខាតប្រេងឥន្ធនៈនៅក្នុងប្រទេសថៃ៕



