2026-03-07 13:50
5

ប្រធានាធិបតីវេណេស៊ុយអេឡា ត្រូវបានចាប់ខ្លួនយ៉ាងអាម៉ាស, មេដឹកនាំកំពូលអ៊ីរ៉ង់ត្រូវបានសម្លាប់ទាំងមិនគួរឲ្យជឿ ពេលនេះអាចជិតដល់វេនមេដឹកនាំគុយបាម្ដងហើយ។

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសក្ដែងៗគំរាមគំហែងថាលោកនឹងផ្តួលរំលំរដ្ឋាភិបាលគុយបា ដោយបញ្ជាក់ថា សកម្មភាពនេះនឹងកើតឡើង បន្ទាប់ពីសហរដ្ឋអាមេរិករួចដៃធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់ចប់។

ថ្លែងនៅឯសេតវិមានកាលពីថ្ងៃព្រហស្បតិ៍ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចពីក្រុមបាល់ទាត់ Inter Miami លោក Trump និយាយថា លោកចង់បញ្ចប់សង្គ្រាមជាមួយអ៊ីរ៉ង់ឲ្យរួចសិន បន្ទាប់មកទើបដល់វេនរបបគុយបាតាមក្រោយ។ លោក Trump ធ្លាប់បញ្ជាក់ចំៗពីវាសនាប្រទេសគុយបាពីមុនថា មើលទៅគុយបា ត្រៀមខ្លួនរួចជាស្រេចដើម្បីដួលរលំ នាពេលខាងមុខហើយ។ 

តាម Al Jazeera ចាប់តាំងពីភ្នាក់ងារពិសេសអាមេរិកចាប់ខ្លួនប្រធានាធិបតីវេណេស៊ុយអេឡាមក ទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តផ្សេងទៀតរបស់ប្រទេសនេះ តែងគំរាមកំហែងដល់ទីក្រុង Havana ជាញឹកញាប់ ដោយបង្កើនការដាក់ទណ្ឌកម្ម និងសម្ពាធសេដ្ឋកិច្ចកាន់តែខ្លាំង ក្នុងគោលបំណងចង់ផ្តួលរំលំរដ្ឋាភិបាលកុម្មុយនិស្តរបស់ប្រទេសគុយបា៕