អ៊ីរ៉ង់កំពុងត្រូវបានកម្ទេចមុនកាលកំណត់ ហើយវាជាព្រឹត្តិការណ៍ថ្មីមួយស្ថិតនៅកម្រិតដែលមនុស្សមិនធ្លាប់ឃើញពីមុនមក។ នេះជាការអះអាងច្បាស់ៗពីប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ។
តាម Al Jazeera បានចេញផ្សាយនៅថ្ងៃទី០៦ មីនា ឆ្នាំ២០២៦ លោក ត្រាំ បានបញ្ជាក់ចំៗ ពីស្ថានភាពរបស់ទីក្រុងតេអេរ៉ង់នាពេលបច្ចុប្បន្នថា អ៊ីរ៉ង់ឥឡូវនេះ “គ្មានកម្លាំងទ័ពអាកាស គ្មានប្រព័ន្ធការពារដែនអាកាស” ព្រោះកម្លាំងទ័ពអាកាសរបស់ប្រទេសនេះបាន បាត់បង់អស់ហើយ។
ក្រឡេកមកមើលមេដឹកនាំថ្មីរបស់អ៊ីរ៉ង់វិញម្ដង លោក ត្រាំ និយាយថា លោកចង់ចូលរួមក្នុងការជ្រើសរើសមេដឹកនាំកំពូលបន្ទាប់របស់អ៊ីរ៉ង់ ដោយអះអាងថាគោលដៅនៃការចូលរួមនេះ គឺលោកចង់ផ្តល់នូវភាពជាអ្នកដឹកនាំថ្មីដែលជាសញ្ញាមិត្តភាពសម្រាប់សហរដ្ឋអាមេរិកនៅក្នុងប្រព័ន្ធគ្រប់គ្រងរបស់អ៊ីរ៉ង់។
ថ្លែងពីគោលបំណងជាក់ច្បាស់បែបនេះ ក្រោយប្រធានាធិបតីសហរដ្ឋអាមេរិកបានបញ្ចេញសំឡេងប្រឆាំងកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីមានការតែងតាំង លោក Mojtaba ជាមេដឹកនាំអ៊ីរ៉ង់ជំនួសឪពុករបស់គាត់ដែលត្រូវបានធ្វើឃាត អំឡុងពេលអាមេរិក និងអ៊ីស្រាអែលសហការគ្នាទម្លាក់គ្រាប់នៅទីក្រុងតេអេរ៉ង់កាលពីសប្ដាហ៍មុន។
លោក ត្រាំ បន្ថែមថា អាមេរិកចង់ឲ្យមេដឹកនាំអ៊ីរ៉ង់មានភាពស្រដៀងគ្នាទៅនឹងមេដឹកនាំវេណេស៊ុយអេឡា លោកស្រី Delcy Rodriguez ដែលបានស្នងតំណែងពីលោក Nicolas Maduro បន្ទាប់ពីអតីតមេដឹកនាំរូបនេះត្រូវបានចាប់ខ្លួនដោយកងកម្លាំងសហរដ្ឋអាមេរិកកាលពីខែមករា៕




