2026-03-11 13:41
27

នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul បានជំរុញឱ្យមន្ត្រីរាជការថៃអនុវត្តគោលនយោបាយសន្សំសំចៃថាមពល ដោយធ្វើការងារនៅផ្ទះជំនួសឲ្យការមកកាន់ការិយាល័យ រហូតដល់ដាក់កម្រិតក្នុងការប្រើប្រាស់ជណ្តើរយន្ត។ តាមលោកស្រី Lalida Periswiwatana អ្នកនាំពាក្យទីស្តីការនាយករដ្ឋមន្រ្តី បាននិយាយកាលពីថ្ងៃទី១០ ខែមីនាថា នាយករដ្ឋមន្ត្រីថៃ បានស្នើសុំមន្ត្រីរាជការឱ្យធ្វើការពីផ្ទះចាប់ពីថ្ងៃនេះតទៅ។ 

នយោបាយសន្សំសំចៃថាមពលនេះ រដ្ឋាភិបាលថៃក៏បានណែនាំដល់មន្ត្រីរាជការទាំងអស់ឱ្យពន្យារពេលធ្វើដំណើរទៅក្រៅប្រទេស និងផ្តល់អាទិភាពលើការប្រើប្រាស់ជណ្តើរជើងជំនួសឱ្យជណ្តើរយន្តក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេវិញ។ 

ក្នុងនោះ អគាររដ្ឋាភិបាលនឹងដំណើរការម៉ាស៊ីនត្រជាក់នៅសីតុណ្ហភាពត្រឹមតែ 26-27°C ប៉ុណ្ណោះ ដើម្បីសន្សំសំចៃថាមពល ហើយមន្ត្រីរាជការទាំងអស់ត្រូវប្តូរមកប្រើអាវដៃខ្លីជំនួសសម្លៀកបំពាក់ធ្វើការប្រចាំថ្ងៃបាន។ និយោជិតនៅកន្លែងការងារត្រូវបិទភ្លើង និងឧបករណ៍អគ្គិសនីនៅពេលមិនប្រើ ពិសេសកំណត់លើការប្រើប្រាស់ម៉ាស៊ីនថតចម្លង និងបង្កើនការប្រជុំតាមអ៊ីនធឺណិត ជំនួសឲ្យការធ្វើដំណើរមកផ្ទាល់។ 

វិធានការទាំងនេះគឺជាផ្នែកមួយនៃគោលនយោបាយអភិរក្សថាមពល និងឥន្ធនៈរបស់រដ្ឋាភិបាលថៃ ក្នុងគោលបំណងធានាសន្តិសុខថាមពល ស្របពេលជម្លោះនៅមជ្ឈិមបូព៌ាកំពុងរំខានដល់ការផ្គត់ផ្គង់ប្រេង និងឧស្ម័នសកល។

រដ្ឋមន្ត្រីថាមពលលោក Auttapol Rerkpiboon បាននិយាយថា ថាមពលបម្រុងរបស់ប្រទេសថៃគឺគ្រប់គ្រាន់ប្រើសម្រាប់រយៈពេលប្រហែល 95ថ្ងៃ។ ហើយជុំវិញបញ្ហានេះ រដ្ឋាភិបាលថៃក៏កំពុងស្វែងរកការផ្គត់ផ្គង់ឧស្ម័នធម្មជាតិរាវ (LNG) បន្ថែមពីសហរដ្ឋអាមេរិក អូស្ត្រាលី និងអាហ្វ្រិកខាងត្បូងផងដែរ។ 

តាម V.N Express បានឲ្យដឹងថា អាទិភាពគោលនយោបាយរបស់ប្រទេសថៃក្នុងអំឡុងពេលនេះគឺកាត់បន្ថយបន្ទុកលើការប្រើប្រាស់ថាមពល។ ហើយរដ្ឋាភិបាលប្រទេសនេះក៏កំពុងជំរុញឱ្យពលរដ្ឋខ្លួន សហការក្នុងការអភិរក្សថាមពលដូចជា កាត់បន្ថយការជិះរថយន្តដើម្បីសន្សំសំចៃការប្រើប្រាស់ប្រេង។

គួរឲ្យដឹងថា ប្រទេសថៃពឹងផ្អែកយ៉ាងខ្លាំងលើឧស្ម័នធម្មជាតិដែលមានចំនួនជិត 68% នៃតម្រូវការថាមពលសរុបរបស់សេដ្ឋកិច្ចខ្លួន។ 

ជាងពាក់កណ្តាលនៃទុនបម្រុងឧស្ម័នរបស់ទីក្រុងបាងកក ត្រូវបានផលិតក្នុងស្រុកនៅឈូងសមុទ្រថៃ ខណៈ 35% បានមកពីការនាំចូល។ នៅដើមខែមីនា ថៃបានផ្អាកការនាំចេញថាមពលរបស់ខ្លួនទៅកាន់ប្រទេសផ្សេងទៀត លើកលែងតែឡាវ និងមីយ៉ាន់ម៉ា ប៉ុណ្ណោះ។ 

ស្របគ្នានោះដែរ មន្ត្រីថៃបានព្រមានថា ប្រសិនបើភាពតានតឹងនៅមជ្ឈិមបូព៌ានៅតែបន្តកើនឡើង រដ្ឋាភិបាលអាចនឹងចាត់វិធានការធ្ងន់ធ្ងរបន្ថែមទៀត ដូចជាការបន្ថយផ្ទាំងប៉ាណូនៅតាមហាង រោងកុន និងអាជីវកម្ម ក៏ដូចជាតម្រូវឱ្យបិទស្ថានីយ៍ប្រេងឥន្ធនៈនៅម៉ោង ១០យប់ លើកលែងតែផ្លូវធំៗ។ 

បន្ថែមពីនេះ រដ្ឋាភិបាលថៃគ្រោងនឹងដាក់កម្រិតលើការប្រើប្រាស់ប្រេងឥន្ធនៈដែលមានមូលដ្ឋានលើប្រេងសាំង ដោយប្តូរពីប្រេងម៉ាស៊ូត B5 ទៅជាប្រេងម៉ាស៊ូត B7 ដើម្បីកាត់បន្ថយការប្រើប្រាស់ប្រេងម៉ាស៊ូតសុទ្ធ និងបង្កើនការប្រើប្រាស់ប្រេងដូងជំនួសវិញ៕
Nhân viên tại trạm xăng tỉnh Nakhon Sawan, phía bắc Bangkok, ngày 10/3. Ảnh: AFP

Các quan chức Thái Lan đi làm tại Bangkok ngày 10/3 trong áo sơ mi đơn giản, thay vì mặc vest và mang cà vạt như thông thường. Ảnh: Bangkok Post