2026-03-14 18:07
81

កំពង់ស្ពឺ៖ កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន កម្លាំងអធិការដ្ឋានស្រុកសំរោងទង និងស្រុកគងពិសី បានធ្វើការបង្ក្រាបករណីគ្រឿងញៀន ចំនួនជិត ២ គីឡូក្រាម និងចាប់ខ្លួនមុខសញ្ញាជនសង្ស័យ ចំនួន​ ០៧ នាក់ រួមមាន ប្រុស ០៥ និងស្រី ០២។

ករណីនេះចាប់ផ្តើមចាប់ប្រតិបត្តិការពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៦ នៅស្រុកគងពិសី កម្លាំងនគរបាលបានឃាត់ខ្លួនជនសង្ស័យម្នាក់ មានឈ្មោះ ខឹម សុផា ភេទប្រុស អាយុ ៤៧ឆ្នាំ ដកហូត ម្សៅក្រាមពណ៌សថ្លា ០២ កញ្ចប់ និងទូរសព្ទ ០១ គ្រឿង។ បន្ទាប់មក កម្លាំងបានបន្តឃាត់ ឈ្មោះ រឿន គឹមសាន្ត ហៅ(មុំ) អាយុ ៣១ឆ្នាំ និង ឈ្មោះ ស៊ិប ដន ហៅ(គោ) អាយុ ៣៤ ឆ្នាំ ដកហូតម្សៅក្រាមពណ៌សថ្លា និងទូរសព្ទពីបន្ទប់ និងផ្ទះរបស់ពួកគេ។

បន្ថែមពីនេះ កម្លាំងបានឃាត់ ជនសង្ស័យឈ្មោះ យឿន យ៉េង អាយុ ៣៣ឆ្នាំ និង ឈ្មោះ ឌឹម ឡាញ់ អាយុ ៤០ឆ្នាំ នៅភូមិព្រៃតាអូក និងដកហូត ម្សៅក្រាមពណ៌សថ្លា ០២ កញ្ចប់ធំ និងទូរសព្ទ ០២ គ្រឿង។ ក្រោយពីបានស្តាប់ចម្លើយពី ជនសង្ស័យឈ្មោះ ស៊ីប ដន ហៅ(គោ) កម្លាំងបានបន្តឃាត់ ឈ្មោះ នួន សុខុន ហៅ(នីន) អាយុ ៤០ឆ្នាំ និង ឈ្មោះ សារ៉ា ថាន់ អាយុ ៣៤ឆ្នាំ, ដកហូត ម្សៅក្រាមពណ៌សថ្លា ០៩ កញ្ចប់, ទូរសព្ទ ០១ គ្រឿង, ម៉ូតូ ០១ គ្រឿង និងឧបករណ៍វេចខ្ចប់មួយចំនួនទៀត។

សមត្ថកិច្ចបានបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី០៩ ដល់១៤ ខែមីនា ឆ្នាំ២០២៦ កម្លាំងបានបង្ក្រាបមុខសញ្ញាចែកចាយគ្រឿងញៀន សរុបចំនួន ០៧នាក់ និងដកហូត ម្សៅក្រាមថ្លាសង្ស័យគ្រឿងញៀន សរុប ១៦៩៧.២៧ក្រាម, សារធាតុមិនច្បាស់ ២.៩៣ ក្រាម, ទូរសព្ទ ០៩ គ្រឿង, ម៉ូតូ ០២ គ្រឿង និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនផ្សេងៗ។

លោកវរសេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុកសំរោងទង បានបញ្ជាក់ថា ការបង្ក្រាបនេះបង្ហាញពីភាពតឹងរឹង និងការសហការយ៉ាងជិតស្និទ្ធរបស់កម្លាំងនគរបាលក្នុងការប្រយុទ្ធប្រឆាំងនឹងបញ្ហាគ្រឿងញៀនក្នុងមូលដ្ឋាន៕