រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយរបស់មន្ទីរបញ្ចកោណកាលពីថ្ងៃទី១៣ ខែមីនាថា ភាពជាអ្នកដឹកនាំរបស់អ៊ីរ៉ង់ត្រូវបាន "ចុះខ្សោយយ៉ាងធ្ងន់ធ្ងរ" ដោយសារតែការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល។
លោក Hegseth បង្ហើបថា មេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់ លោក Mojtaba បានរងរបួស ហើយអាចឈានដល់ដំណាក់កាលធ្ងន់ធ្ងរ។ លើកឡើងបែបនេះ ក្រោយរដ្ឋមន្ត្រីអាមេរិកខាងលើ បានដាក់ការសង្ស័យចាប់តាំងពី លោក Mojtaba ចូលកាន់តំណែង ហេតុអ្វីបានជាសារព្រមានរបស់មេដឹកនាំរូបនេះ ត្រូវបានអាននៅក្នុងទូរទស្សន៍រដ្ឋអ៊ីរ៉ង់ ដែលខ្វះវីដេអូ ឬសំឡេងទៅវិញ។
លោក Hegseth សម្ដែងការសង្ស័យថា "អ៊ីរ៉ង់មានកាមេរ៉ា និងឧបករណ៍ថតសំឡេងជាច្រើន ដូច្នេះហេតុអ្វីបានជាពួកគេត្រូវការសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរ? ខ្ញុំគិតថាអ្នកដឹងពីមូលហេតុហើយ" ។
លើសពីនេះ សូម្បីតែប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ក៏ធ្លាប់បានអះអាងដែរថា មេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់ លោក Mojtaba «បានរងរបួស ប៉ុន្តែនៅមានជីវិត»។
យ៉ាងណាវិញ តាម លោក Alireza Salarian ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំប្រទេស Cyprus បានប្រាប់កាសែត The Guardian ថា លោក Mojtaba Khamenei បានរងរបួសត្រង់ជើង និងដៃ ក្នុងអំឡុងពេលនៃការវាយប្រហារតាមអាកាសរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល កាលពីថ្ងៃទី28 ខែកុម្ភៈកន្លងទៅ។
តាមរយៈការអះអាងដូចគ្នានេះ សបញ្ជាក់ឲ្យដឹងថា មេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់អាចនឹងកំពុងរងរបួសពិតប្រាកដមែន ប៉ុន្តែនៅមានជីវិតនៅឡើយ។ ហើយពាក់ព័ន្ធនឹងទំហំនៃរបួសនោះធ្ងន់ដល់កម្រិតណា ទីក្រុងតេអេរ៉ង់មិនបានបង្ហើបប្រាប់ពីព័ត៌មានលម្អិតនោះទេ៕





