2026-03-27 12:06
14

ភ្នំពេញ៖ ករណីឃាតកម្មដ៏សាហាវមួយបានកើតឡើង បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាបយ៉ាងខ្លាំង បន្ទាប់ពីបុរសម្នាក់ ត្រូវបានជនសង្ស័យជាអ្នកជួលបន្ទប់ចាក់សម្លាប់ បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈពេលនេះជនសង្ស័យបានរត់គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ០៥និង៥០នាទីល្ងាច ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ នៅចំណុចផ្លូវបេតុង ច្រកបឹងកំប្លោក ស្ថិតនៅភូមិព្រែកតានូ១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះត្រូវបានស្គាល់ឈ្មោះ ងិន ធីរ៉ា អាយុ ៥៨ឆ្នាំ មានមុខរបរជាម្ចាស់ផ្ទះជួល រស់នៅទីតាំងកើតហេតុខាងលើ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ ម្ចាស់ផ្ទះបានស្តីបន្ទោសទៅលើអ្នកជួលបន្ទប់ម្នាក់ ដែលបានផឹកស៊ី និងបង្កសំឡេងរំខានដល់អ្នកជួលផ្សេងៗ។ ការស្តីបន្ទោសនេះបានធ្វើឲ្យជនសង្ស័យមានអារម្មណ៍ខឹងសម្បារខ្លាំង ហើយបាត់បង់ការគ្រប់គ្រងខ្លួនឯង។

បន្ទាប់មក ជនសង្ស័យបានយកកាំបិតដងជ័រវែង មកចាក់លើជនរងគ្រោះជាច្រើនកាំបិត បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ និងស្លាប់ភ្លាមៗនៅនឹងកន្លែង។ ក្រោយធ្វើសកម្មភាពរួច ជនសង្ស័យបានរត់គេចខ្លួនបាត់។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំង ដើម្បីធ្វើការពិនិត្យកន្លែងកើតហេតុ និងសាកសួរព័ត៌មានជុំវិញករណីនេះ ខណៈសពជនរងគ្រោះត្រូវបានបញ្ជូនទៅរក្សាទុក ដើម្បីរង់ចាំធ្វើបុណ្យតាមប្រពៃណី។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ និងតាមប្រមាញ់ជនសង្ស័យ ដើម្បីនាំខ្លួនមកផ្តន្ទាទោសតាមច្បាប់។

ករណីនេះត្រូវបានមើលឃើញថា ជាលទ្ធផលនៃជម្លោះតូចមួយ ប៉ុន្តែបានបង្កជាអំពើហិង្សាដ៏ធ្ងន់ធ្ងរ ដែលជាសារឲ្យសង្គមយកចិត្តទុកដាក់លើការដោះស្រាយបញ្ហាដោយសន្តិវិធី៕