2026-03-27 14:55
9

ភ្នំពេញ៖ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ខាងមុខនេះ រដ្ឋសភាជាតិនឹងបើកប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ ស្តីពី ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងសេចក្តីស្នើច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។

សូមជម្រាបថា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានដឹកនាំ កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា កាលពីព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ ដើម្បីពិភាក្សា និងអនុម័តលើរបៀបវារៈសំខាន់ៗ មុនសម័យប្រជុំរដ្ឋសភាសារជាថ្មី។

កិច្ចប្រជុំនេះបានកំណត់ ថ្ងៃទី៣០ ខែមីនា ២០២៦ ជាកាលបរិច្ឆេទបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី ៧ ដោយមានរបៀបវារៈសំខាន់ៗ រួមមាន៖ ពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពី ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងពិភាក្សា និងអនុម័តសេចក្តីស្នើច្បាប់ ស្តីពី វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។ 

បន្ថែមពីនេះ, គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ក៏បានអនុម័តសេចក្តីព្រាងសេចក្តីសម្រេចស្តីពី តួនាទី និងភារកិច្ចរបស់គណៈកម្មការនានា ដើម្បីធានាឱ្យការងាររដ្ឋសភា មានប្រសិទ្ធភាព និងរលូន។

កិច្ចប្រជុំនេះបង្ហាញពី ការត្រៀមខ្លួន និងការអនុវត្តច្បាប់សំខាន់ៗ របស់រដ្ឋសភា ដើម្បីឆ្លើយតបនឹងតម្រូវការរដ្ឋាភិបាល និងសង្គម ក្នុងការកែលម្អប្រព័ន្ធរដ្ឋាភិបាល និងការបោះឆ្នោតប្រកបដោយភាពត្រឹមត្រូវ និងតម្លាភាព៕