2026-03-30 12:31
8

ទោះនាវាចម្បាំងលំដាប់ខ្លាំងកម្រិតណារបស់អាមេរិកចុះចតដល់មុខផ្ទះអ៊ីរ៉ង់ក៏ដោយ តែប្រទេសនេះនៅតែរក្សាជំហរថាមិនខ្លាច មិនញញើត និងមិនព្រឺសម្បុរជាមួយកម្លាំងអាមេរិកសូម្បីតែបន្តិច។

តាមប្រធានសភាអ៊ីរ៉ង់ លោក Mohammad Bagher Ghalibaf បានចេញមុខចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថា អាមេរិកកំពុងរៀបចំផែនការវាយប្រហារលើដីដោយសម្ងាត់លើប្រទេសខ្លួន យ៉ាងណាក៏ដោយទីក្រុងតេអេរ៉ង់កំពុងរង់ចាំស្វាគមន៍ទាហានអាមេរិកបង្ហាញខ្លួនរួចជាស្រេច។ 

ប្រធានសភារូបនេះចំអកឲ្យអាមេរិកថា ទីក្រុងវ៉ាស៊ីនតោនតែងប្រកាសក្ដែងៗទាក់ទងនឹងការផ្ញើសារដោយបើកចំហអំពីការចរចា និងកិច្ចសន្ទនា ប៉ុន្តែនៅពីក្រោយខ្នងបែរជាលួចរៀបចំផែនការវាយប្រហារអ៊ីរ៉ង់ដោយសម្ងាត់ទៅវិញ។ 

លោក Bagher Ghalibaf បន្តថា អាមេរិកមិនដឹងទេថាខណៈនេះទាហានអ៊ីរ៉ង់កំពុងរង់ចាំកងទ័ពរបស់ពួកគេឈានជើងចូលដីទីក្រុងតេអេរ៉ង់រួចជាស្រេច ដើម្បីត្រៀមខ្លួនបើកការវាយប្រហារបំផ្លិចបំផ្លាញទ័ពអាមេរិក ហើយបើពេលនោះមកដល់អ៊ីរ៉ង់នឹងដាក់ទណ្ឌកម្មយ៉ាងម៉ឺងម៉ាត់ចំពោះសម្ព័ន្ធមិត្តអាមេរិកក្នុងតំបន់ដូចគ្នា។

លោក Ghalibaf ផ្ញើពាក្យចុងក្រោយទៅ លោក ត្រាំ ថា "ដរាបណាសហរដ្ឋអាមេរិកនៅតែបន្តព្យាយាមបង្ខំឱ្យអ៊ីរ៉ង់ចុះចាញ់ ចម្លើយរបស់យើងនៅតែច្បាស់លាស់ថា៖ អ៊ីរ៉ង់នឹងមិនទទួលយកការអាម៉ាស់ដាច់ខាត"៕
ប្រែសម្រួលអត្ថបទដោយ៖ ម៉េង ធីដា