អ្នកណាទប់ចិត្តបាន ដៃគូរកស៊ីជាមួយគ្នាសុខៗ ផ្ទុះសង្គ្រាមភ្លាម អ៊ីរ៉ង់បែរជាកំណត់គោលដៅលើ អារ៉ាប់រួម (UAE) ជាហេតុធ្វើឲ្យទីប្រឹក្សារបស់ប្រធានាធិបតី UAE នៅលែងស្ងៀម ក៏បានប្រកាសឱ្យអ៊ីរ៉ង់ ផ្តល់សំណងដល់ការខូចខាតដល់ប្រទេសខ្លួនភ្លាម។
លោក Anwar Gargash ទីប្រឹក្សាប្រធានាធិបតីអារ៉ាប់រួម (UAE) បានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមនៅថ្ងៃនេះថា អ៊ីរ៉ង់ត្រូវតែសងការខូចខាតទាំងអស់ ក្នុងករណីដែលប្រទេសនេះបានបើកការវាយប្រហារមិនសំចៃដៃលើគោលដៅជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលសំខាន់ៗរបស់ខ្លួន។
ស្រែកប្រកាសចំៗទាមទារពីទីក្រុងតេអេរ៉ង់បែបនេះរបស់មន្ត្រី UAE ធ្វើឡើងបន្ទាប់ពីអ៊ីរ៉ង់ក៏បានទាមទារសំណងពីអាមេរិក និងអ៊ីស្រាអែលដូចគ្នា លើការខូចខាតដែលបណ្តាលមកពីជម្លោះដែលកំពុងបន្តនៅមជ្ឈិមបូព៌ា។
គួរឲ្យដឹងថា អារ៉ាប់រួម (UAE) គឺជាដៃគូពាណិជ្ជកម្មធំទីពីររបស់អ៊ីរ៉ង់ បន្ទាប់ពីប្រទេសចិន។ អស់រយៈពេលជាច្រើនឆ្នាំ ប្រទេសនេះដើរតួនាទីជា "ខ្សែជីវិត" សេដ្ឋកិច្ចសម្រាប់អ៊ីរ៉ង់។ ទោះជាយ៉ាងនេះក្ដី បន្ទាប់ពីការវាយលុករបស់អាមេរិក និងអ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់កាលពីថ្ងៃទី 28 ខែកុម្ភៈ អារ៉ាប់រួមបែរជាក្លាយជាគោលដៅចម្បងសម្រាប់ការសងសឹករបស់អ៊ីរ៉ង់ទៅវិញ។
ទីក្រុងតេអេរ៉ង់ អះអាងថា ដោយសារតែសម្ព័ន្ធភាពយុទ្ធសាស្ត្រដ៏យូរទស្សវត្សរវាង Abu Dhabi និងវ៉ាស៊ីនតោន វាគឺជាហេតុផលសំខាន់សម្រាប់ការការវាយប្រហារទ្រង់ទ្រាយធំលើប្រទេសនេះ៕
ប្រែសម្រួលអត្ថបទដោយ៖ ម៉េង ធីដា





