តាកែវ៖ កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបើកប្រតិបត្តិការបង្ក្រាបសំបុកក្រុមជួញដូរគ្រឿងញៀនប្រដាប់ដោយអាវុធមួយកន្លែង ស្ថិតនៅចំណុច ភូមិពូនភ្នំ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ដោយចាប់ខ្លួនជនល្មើស សរុបបានចំនួន ០៧នាក់ រួមទាំងមេក្លោងធំម្នាក់ មានរហស្សនាម «រាជ» ខណៈជនល្មើសបានប្រើអាវុធបាញ់តបសមត្ថកិច្ច បណ្តាលឱ្យនគរបាល ០២នាក់ រងរបួសធ្ងន់ កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។
ប្រតិបត្តិការនេះ អនុវត្តតាមបញ្ជាដ៏ម៉ឺងម៉ាត់របស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដោយកម្លាំងជំនាញបានសហការជាមួយស្នងការដ្ឋាននគរបាលខេត្តតាកែវ ក្រោមការដឹកនាំ និងសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ១១ និង ៥០នាទី។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងជាច្រើន រួមមាន គ្រឿងញៀនមួយចំនួន កាំភ្លើងខ្លីចំនួន ០៣ ដើម គ្រាប់កាំភ្លើងមួយចំនួន និងជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ចំនួន ០២ គ្រឿង ដែលជាឧបករណ៍ប្រើប្រាស់ក្នុងសកម្មភាពជួញដូរ។
តាមសេចក្តីរាយការណ៍ ក្រុមជួញដូរគ្រឿងញៀននេះ មានការរៀបចំរចនាសម្ព័ន្ធយ៉ាងច្បាស់លាស់ និងបានធ្វើសកម្មភាពជួញដូរគ្រឿងញៀនយ៉ាងសកម្មក្នុងភូមិសាស្ត្រខេត្តតាកែវ មុនពេលត្រូវសមត្ថកិច្ចស្រាវជ្រាវ និងបង្ក្រាបបានដោយជោគជ័យ។
បច្ចុប្បន្ន ជនសង្ស័យទាំង ៧នាក់ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ខណៈសមត្ថកិច្ច ២នាក់ដែលរងរបួស កំពុងទទួលការព្យាបាលបន្ទាន់នៅមន្ទីរពេទ្យ៕



