2026-04-03 11:17
3

ភ្នំពេញ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានសហការជាមួយស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បើកប្រតិបត្តិការបង្ក្រាបករណីចាប់បង្ខាំងមនុស្សខុសច្បាប់ និងជំរិតទារប្រាក់ ដោយឃាត់ខ្លួនជនសង្ស័យចំនួន ១១នាក់ និងជួយសង្គ្រោះជនរងគ្រោះបាន ០៣នាក់ បន្ទាប់ពីក្រុមនេះប្រើល្បិចណាត់នារីឱ្យទៅជួបបម្រើសេវាផ្លូវភេទ រួចចាប់បង្ខាំងដើម្បីទារប្រាក់។

ប្រតិបត្តិការនេះ អនុវត្តតាមបទបញ្ជារបស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ខណៈកម្លាំងជំនាញនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន និងមន្ត្រីពាក់ព័ន្ធ បានធ្វើការស្រាវជ្រាវយ៉ាងសកម្ម រហូតកំណត់បានទីតាំងបង្ខាំងជនរងគ្រោះនៅក្រុងព្រះសីហនុ។

យោងតាមរបាយការណ៍ សមត្ថកិច្ចបានទទួលពាក្យបណ្តឹងពីឈ្មោះ Phan Van Tien ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិវៀតណាម ដែលបានរាយការណ៍ថា មិត្តស្រីរបស់ខ្លួនឈ្មោះ Lam Thi Nheu អាយុ ២១ឆ្នាំ ត្រូវបានជនមិនស្គាល់អត្តសញ្ញាណធ្វើសកម្មភាពចាប់បង្ខាំង និងជំរិតទារប្រាក់ នៅចំណុចសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោងប្រមាណ ០៣និង៤០នាទី។

ក្រោយទទួលបានព័ត៌មាន កម្លាំងជំនាញបានបើកការស្រាវជ្រាវតាមនីតិវិធី និងជំនាញបច្ចេកទេស រហូតកំណត់បានអត្តសញ្ញាណ និងទីតាំងបង្ខាំងជនរងគ្រោះ។ 

លុះនៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ២១និង២០នាទី សមត្ថកិច្ចបានចុះប្រតិបត្តិការ ជួយសង្គ្រោះជនរងគ្រោះ និងឃាត់ខ្លួនជនសង្ស័យ ១១នាក់ ជាជនជាតិចិន នៅចំណុចសង្កាត់២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ជនសង្ស័យដែលត្រូវបានឃាត់ខ្លួន រួមមាន៖
១. Cheng Qing Fu
២. Yuan Gang
៣. Cheng Ing Fu
៤. Zhong Zhu Ming
៥. Ju Zhong You
៦. Song Lin Ling
៧. Wang Jiang Bo
៨. Lan Si Yong
៩. Chen Xin Biao
១០. Yang Jia Hao
១១. Lai Yu Ming (ស្រី)

សមត្ថកិច្ចបញ្ជាក់ថា ក្រុមជនសង្ស័យបានប្រើវិធីណាត់នារីតាមអនឡាញ ឬទំនាក់ទំនងផ្ទាល់ ដើម្បីជួបបម្រើសេវាផ្លូវភេទ បន្ទាប់មកចាប់បង្ខាំង និងជំរិតទារប្រាក់ពីជនរងគ្រោះ។ ក្រុមនេះត្រូវបានសង្ស័យថា បានធ្វើសកម្មភាពបែបនេះជាច្រើនលើក មុនត្រូវបានបង្ក្រាបចាប់ខ្លួន។

បច្ចុប្បន្ន ជនសង្ស័យទាំងអស់ កំពុងត្រូវបានសមត្ថកិច្ចចាត់ការតាមនីតិវិធីច្បាប់ ខណៈអាជ្ញាធរបន្តស្រាវជ្រាវស្វែងរកជនពាក់ព័ន្ធផ្សេងទៀត ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់៕