2026-04-07 11:29
10

ថ្ងៃពុធ ស្អែកនេះ ម៉ោង៧ព្រឹក យើងនឹងបានដឹងហើយថា ទ្វារនរកបើកចាំទទួលអ៊ីរ៉ង់ ឬអាមេរិកឲ្យប្រាកដ។

លោកប្រធានាធិបតី Donald Trump បាននិយាយនៅក្នុងសន្និសីទកាសែតនៅថ្ងៃទី6 ខែមេសាថា សហរដ្ឋអាមេរិកនឹងបំផ្លាញស្ពាន រួមទាំងរោងចក្រថាមពលទាំងអស់របស់អ៊ីរ៉ង់ដោយប្រើរយៈពេលតែ4ម៉ោងប៉ុណ្ណោះ ប្រសិនបើទីក្រុងតេអេរ៉ង់មិនគោរពតាមកាលកំណត់របស់លោក។ 

"យើងមានផែនការមួយដោយផ្អែកលើអំណាចយោធាអាមេរិក ដែលស្ពានទាំងអស់នៅក្នុងប្រទេសអ៊ីរ៉ង់ នឹងត្រូវបំផ្លាញនៅមុនពាក់កណ្តាលអធ្រាត្រថ្ងៃស្អែក។ រោងចក្រថាមពលទាំងអស់នៅក្នុងប្រទេសអ៊ីរ៉ង់នឹងបិទ ឆេះ ផ្ទុះ ហើយមិនអាចដំណើរការបានទៀតទេ។” នេះជាការអះអាងរបស់ លោក ត្រាំ។ 

មេដឹកនាំអាមេរិករូបនេះព្រមានទៀតថា៖ «ប្រទេសទាំងមូលអាចត្រូវបានបំផ្លាញក្នុងពេលមួយយប់។ យប់នោះអាចជាយប់ថ្ងៃស្អែក»។ 

នេះមានន័យថា អាមេរិកនឹងកម្ទេចប្រទេសអ៊ីរ៉ង់ចោលទាំងមូលតែម្ដង នៅម៉ោង៨យប់ ថ្ងៃទី៧ ខែមេសា (ម៉ោងនៅអាមេរិក ត្រូវនឹងម៉ោង៧ព្រឹក ថ្ងៃទី៨ មេសា ម៉ោងនៅកម្ពុជា) ប្រសិនជាការកំណត់បើកច្រកសមុទ្រហ័រមូស មិនដូចចិត្តដែល លោក ត្រាំ ចង់បាន។

ស្របគ្នានេះដែរ ទីបញ្ជាការកំពូលនៃកងកម្លាំងប្រដាប់អាវុធរបស់អ៊ីរ៉ង់ បានប្រកាសឆ្លើយតបទៅនឹងសម្រែករបស់ប្រធានាធិបតីអាមេរិកនៅថ្ងៃតែមួយវិញថា ការគំរាមកំហែងដោយគ្មានមូលដ្ឋានរបស់លោក Trump នឹងមិនប៉ះពាល់ដល់ស្មារតី និងប្រតិបត្តិការរបស់ទាហានរបស់ខ្លួនឡើយ។ 

អ្នកនាំពាក្យខាងលើសង្កត់ធ្ងន់ទៅ លោក ត្រាំ បន្តថា អ៊ីរ៉ង់នឹងនៅតែបន្តការសងសឹករបស់ខ្លួន ដើម្បីប្រយុទ្ធជាមួយអាមេរិក និងអ៊ីស្រាអែលយ៉ាងខ្លាំងក្លាបំផុត។

កាលពីថ្ងៃទី4 ខែមេសា លោក Trump បានផ្តល់ពេល 48 ម៉ោងដល់អ៊ីរ៉ង់ មានពីរជម្រើស។ 

ទី១៖ ឈានដល់កិច្ចព្រមព្រៀងក្នុងការបើកច្រកសមុទ្រ Hormuz ឡើងវិញ។ ទី២៖ឬប្រឈមការបាត់បង់ហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសទាំងស្រុង។ 

ក្រោយមក លោកក៏បានសម្រេចពន្យារពេលដល់ម៉ោង ៨ យប់ថ្ងៃទី ៧ ខែមេសា (ម៉ោង ៧ ព្រឹកថ្ងៃ ៨ មេសា ម៉ោងនៅកម្ពុជា)វិញ ដើម្បីទុកឱកាសឲ្យទីក្រុងតេអេរ៉ង់គិតជាថ្មី។ 

ប៉ុន្តែមន្ត្រីអ៊ីរ៉ង់បានច្រានចោលឱសានវាទនេះទាំងស្រុង ដោយភ្ជាប់នឹងការព្រមានវិញថា បើអាមេរិកហ៊ាន នោះមជ្ឈិមបូព៌ាទាំងមូលនឹងធ្លាក់ទៅក្នុងនរក។

តាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់អ៊ីរ៉ង់បានរាយការណ៍នៅថ្ងៃទី6 ខែមេសាថា តេអេរ៉ង់បានបដិសេធទៅហើយ ចំពោះសំណើរបស់អាមេរិកជុំវិញបទឈប់បាញ់បណ្ដោះអាសន្ន ៤៥ថ្ងៃ តាមរយៈប៉ាគីស្ថានដែលជាភាគីសម្របសម្រួលជម្លោះ។ 

ជំនួសការច្រានចោលនេះ អ៊ីរ៉ង់បានដាក់លក្ខខណ្ឌ 10ចំណុច ឲ្យអាមេរិកពិចារណាវិញថា ទីក្រុងតេអេរ៉ង់មិនចង់បានបទឈប់បាញ់បណ្ដោះអាសន្នទេ ប៉ុន្តែត្រូវការការបញ្ចប់សង្គ្រាមអចិន្ត្រីយ៍ ហើយអាមេរិកត្រូវតែគោរពផលប្រយោជន៍របស់ទីក្រុងតេអេរ៉ង់។ 

អ៊ីរ៉ង់ដាក់លក្ខខណ្ឌបន្ថែមថា៖ អាមេរិកត្រូវបញ្ចប់ជម្លោះក្នុងតំបន់, បង្កើតយន្តការធានាសុវត្ថិភាពក្នុងការធ្វើដំណើរតាមសមុទ្រនៅច្រក Hormuz , ជួយស្តារសេដ្ឋកិច្ចនិងហេដ្ឋារចនាសម្ព័ន្ធអ៊ីរ៉ង់ឡើងវិញ ពិសេសត្រូវដកចេញការដាក់ទណ្ឌកម្មលើអ៊ីរ៉ង់ទាំងអស់ដូចគ្នា។ 

សំណើនេះ លោក ត្រាំ តបយ៉ាងខ្លីវិញថា វាគួរឲ្យចាប់អារម្មណ៍ដែរ ប៉ុន្តែ “មិនទាន់ល្អគ្រប់គ្រាន់” តាមអ្វីដែលលោកចង់បានទេ៕
ប្រែសម្រួលអត្ថបទដោយ៖ ម៉េង ធីដា