2026-04-24 09:09
18

បាងកក៖ លេខាធិការអចិន្ត្រៃយ៍នៃក្រសួងមហាផ្ទៃ លោក Unsit Sampuntharat បានណែនាំជាបន្ទាន់ដល់អភិបាលខេត្តចំនួនបួនដូចជា៖ ខេត្ត Tak, Mae Hong Son, Chiang Mai និង Chiang Rai ឱ្យពង្រឹងសន្តិសុខ និងការត្រៀមលក្ខណៈសង្គ្រោះបន្ទាន់ ដើម្បីឆ្លើយតបទៅនឹងជម្លោះដែលកំពុងកើនឡើងនៅក្នុងប្រទេសមីយ៉ាន់ម៉ា ជាពិសេសនៅជិតព្រំដែនថៃក្នុងរដ្ឋ Kayin និង Kayah ។

តាមការដកស្រង់ប្រភពពីសារព័ត៌មាន Pattaya Mail នៅថ្ងៃទី២៣ មេសា បានឲ្យដឹងថា បច្ចុប្បន្ន ការប៉ះទង្គិចគ្នារវាងកងកម្លាំងរដ្ឋាភិបាលមីយ៉ាន់ម៉ា និងក្រុមប្រដាប់អាវុធជនជាតិភាគតិចកំពុងមានសន្ទុះកាន់តែខ្លាំងក្លាជាលំដាប់ ពិសេសលើការវាយប្រហារតាមអាកាស និងអាវុធរយៈចម្ងាយឆ្ងាយ។

សកម្មភាពទាំងនេះបានបង្កឱ្យមានជនស៊ីវិលស្លាប់ និងភៀសខ្លួនទៅកាន់តំបន់ក្បែរព្រំដែនថៃ។ ដូច្នេះខណៈនេះ ក្រសួងនៃប្រទេសថៃពិតជាមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះគ្រាប់បែកដែលអាចហក់ចូលក្នុងទឹកដីថៃ ដែលគំរាមកំហែងដល់សុវត្ថិភាព និងទ្រព្យសម្បត្តិពលរដ្ឋតាមបណ្តោយព្រំដែន។

ជាការឆ្លើយតប ក្រសួងមហាផ្ទៃបានណែនាំអភិបាលខេត្ត Tak, Mae Hong Son, Chiang Mai និង Chiang Rai ឱ្យពង្រឹងប្រតិបត្តិការនៅក្នុងតំបន់សំខាន់ៗចំនួនប្រាំដូចជា៖

ទី១៖ អាជ្ញាធរខេត្តត្រូវពង្រឹងការសម្របសម្រួលជាមួយមន្ត្រីរដ្ឋបាល យោធា និងប៉ូលិស បង្កើនការល្បាត តាមដានច្រកព្រំដែនឲ្យបានជិតស្និទ្ធជាងមុន និងរៀបចំផែនការឆ្លើយតបបន្ទាន់ករណីមានអំពើហិង្សាហក់ចូលក្នុងប្រទេសថៃ។

ទី២៖ អភិបាលខេត្តត្រូវរៀបចំផែនការជម្លៀសជនស៊ីវិល ដោយព្រមានប្រជាជននៅក្នុងតំបន់ដែលមានហានិភ័យខ្ពស់ឱ្យនៅឱ្យឆ្ងាយពីព្រំដែន ស្របពេលដែលធានាថា តំបន់សុវត្ថិភាព និងជម្រកបណ្តោះអាសន្នត្រៀមរួចរាល់សម្រាប់ការប្រើប្រាស់ភ្លាមៗ។

ទី៣៖ សន្តិសុខត្រូវតែរឹតបន្តឹងជុំវិញទីតាំងសំខាន់ៗ រួមមានសហគមន៍ សាលារៀន មន្ទីរពេទ្យ និងការិយាល័យរដ្ឋាភិបាល។

ទី៤៖ ត្រូវផ្តល់ព័ត៌មានត្រឹមត្រូវដល់សាធារណជនជាបន្តបន្ទាប់ ដើម្បីការពារកុំឲ្យមានភាពភ័យស្លន់ស្លោ និងទប់ស្កាត់ការរីករាលដាលនៃរបាយការណ៍មិនពិត។

ទី៥៖ ត្រូវមានការត្រួតពិនិត្យតឹងរ៉ឹងលើការឆ្លងដែនខុសច្បាប់ និងតាមដានឲ្យបានដិតដល់ចំពោះការរត់ពន្ធទំនិញខុសច្បាប់គ្រប់ប្រភេទ។

តាមប្រភពពីសារព័ត៌មាន Asia News Network បានឲ្យដឹងថា ក្រោយពីដាក់វិធានការបន្ទាន់ដើម្បីការពារជនស៊ីវិលដែលរស់ក្បែរព្រំដែនថៃ-មីយ៉ាន់ម៉ា ក្រសួងមហាផ្ទៃថៃក៏បានដាក់ការព្រមានជាមុនដែរថា ទីក្រុងបាងកកនឹងតាមដានស្ថានការណ៍យ៉ាងដិតដល់ រួមទាំងត្រៀមខ្លួនរួចជាស្រេចដើម្បីគាំទ្រដល់ភ្នាក់ងារនៅក្នុងតំបន់ ពិសេសលើការឆ្លើយតបយ៉ាងពេញលេញចំពោះភាពអាសន្នណាមួយ ដែលប៉ះទង្គិចលើទឹកដីថៃដោយសារតែការប្រយុទ្ធគ្នារបស់ភាគីមីយ៉ាន់ម៉ា៕
ប្រែសម្រួលអត្ថបទដោយ៖ ម៉េង ធីដា