2026-04-24 12:13
6

បទឈប់បាញ់រវាងអ៊ីរ៉ង់ និងអាមេរិក ជិតអស់សុពលភាពហើយ ស្របពេលដែល USS George H.W. Bush នាវាចម្បាំងពិឃាតតបស់អាមេរិក ក៏កំពុងអណ្ដែតខ្លួនសន្សឹមៗលើផ្ទៃទឹក កៀកនឹងមាត់ទ្វារមជ្ឈិមបូព៌ាដូចគ្នា។

តាមការដកស្រង់ប្រភពពីសារព័ត៌មាន AFP យោធាអាមេរិកបានឱ្យដឹងកាលពីថ្ងៃទី២៣ ខែមេសាថា នាវាផ្ទុកយន្ដហោះចម្បាំង USS George H.W. Bush បានធ្វើដំណើរទៅដល់តំបន់មជ្ឈិមបូព៌ាហើយ ដែលនេះធ្វើឱ្យចំនួននាវាផ្ទុកយន្ដហោះចម្បាំងដ៏ធំជាងគេរបស់អាមេរិកកើនឡើងដល់ទៅ៣គ្រឿងឯណោះ ដើម្បីសង្ងំចាំវាយលុកអ៊ីរ៉ង់ ប្រសិនមានភ្លើងខៀវពីប្រធានាធិបតីអាមេរិក។ 

ទន្ទឹមគ្នានេះដែរ អ៊ីស្រាអែលឯណេះវិញ ក៏បានចេញសារប្រកាសក្ដែងៗដែរថា ខ្លួនត្រៀមរួចជាស្រេចហើយ ក្នុងការបន្តសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់ ដោយរង់ចាំតែភ្លើងខៀវពីបងធំអាមេរិកប៉ុណ្ណោះ ដើម្បីកម្ទេចទីក្រុងតេអេរ៉ង់ឲ្យខ្ទេចខ្ទីត្រឡប់ទៅយុគសម័យថ្មវិញ ដូចដែល លោក ត្រាំ ធ្លាប់លើកឡើងនៅមុនបទឈប់បាញ់ចាប់ផ្តើមកាលថ្ងៃទី៧ ខែមេសា។

នៅថ្ងៃទី២៣ មេសា លោក Katz និយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយយ៉ាងច្បាស់លាស់ថា « យើងកំពុងរង់ចាំភ្លើងខៀវពីសហរដ្ឋអាមេរិក! ជាដំបូង និងសំខាន់បំផុត គឺបញ្ចប់ខ្សែរាជវង្ស លោក ខាមេណៃ… លើសពីនេះទៀត ដើម្បីនាំអ៊ីរ៉ង់ត្រឡប់ទៅសម័យងងឹត និងយុគសម័យថ្មវិញ ដោយការបំផ្លាញរោងចក្រថាមពល អគ្គិសនីសំខាន់ៗ និងរុះរើហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចជាតិរបស់ពួកគេ»។

នាវាចម្បាំងលើពីភពលោកចំនួនបីចាំព្រួតអ៊ីរ៉ង់រួចជាស្រេច រីឯអ៊ីស្រាអែល ត្រៀមចាំតែកម្ទេចអ៊ីរ៉ង់ប៉ុណ្ណោះ ដោយគ្រាន់តែ លោក ត្រាំ ឆ្លើយថា ព្រម តែមួយម៉ាត់ នោះវាសនាទីក្រុងតេអេរ៉ង់ អាចនឹងត្រឡប់ទៅយុគថ្មវិញដែរឬទេ?

សំណួរនេះ គ្មានអ្នកណាអាចស្មានសមត្ថភាពអ៊ីរ៉ង់បានទុកជាមុននោះទេ រង់ចាំមើលថា តើទីក្រុងតេអេរ៉ង់ត្រូវលើកទង់សចុះចាញ់ ឬប្ដូរស្លាប់ដើម្បីការពារប្រទេស?

ប្រែសម្រួលអត្ថបទដោយ៖ ម៉េង ធីដា