2026-04-25 13:18
12

សម្ដី លោក ត្រាំ ប្រៀបដូចខ្យល់ហោះប៉ះត្រចៀក ឆ្មាំបដិវត្តន៍អ៊ីរ៉ង់បានដាក់គ្រាប់មីនបន្ថែមទៀតហើយនៅច្រកសមុទ្រ Hormuz ដែលជាសារឆ្លើយតបទៅអាមេរិកថា ក្រៅពីទីក្រុងតេអេរ៉ង់ អ្នកណាក៏គ្មានសិទ្ធគ្រប់គ្រងហ័រមូសបានដែរ។

តាមសារព័ត៌មាន Axios បានដកស្រង់សម្តីមន្ត្រីអាមេរិក និងប្រភពដែលដឹងពីស្ថានភាពតានតឹង បានរាយការណ៍នៅថ្ងៃទី២៤ មេសាថា ទីក្រុងវ៉ាស៊ីនតោនបានរកឃើញកងកម្លាំងទ័ពជើងទឹកអ៊ីរ៉ង់ (IRGC) ដាក់គ្រាប់មីនបន្ថែមទៀតនៅច្រកសមុទ្រ Hormuz ដែលទ័ពអាមេរិក កំពុងផ្ដោតតាមដានយ៉ាងដិតដល់ និងស៊ើបព័ត៌មានជាក់លាក់បន្ថែមអំពីចំនួនអាវុធដែលត្រូវបានដាក់ពង្រាយនៅក្នុងដែនទឹកនេះ។

សកម្មភាពរបស់កម្លាំងអ៊ីរ៉ង់នេះ ហាក់ជាកូនសោរឲ្យយើងចាក់រកចម្លើយឃើញថា ការពិត កាលពីថ្ងៃទី២៣ មេសា កន្លងទៅ មូលហេតុដែល លោក Trump បញ្ជាឱ្យកងទ័ពជើងទឹកអាមេរិក បាញ់ទម្លាក់និងបំផ្លាញនាវាអ៊ីរ៉ង់ទាំងអស់ដែល ទោះបីជាពួកវាមានទំហំតូចប៉ុណ្ណាក៏ដោយនោះ ព្រោះអ៊ីរ៉ង់មានគម្រោងរាយមីនបន្ថែមនៅក្រោមផ្លូវទឹកដឹកជញ្ជូននេះទៅហើយ។

នេះជាប្រតិបត្តិការដាក់ពង្រាយមីនលើកទីពីរហើយរបស់អ៊ីរ៉ង់នៅច្រកសមុទ្រ Hormuz ចាប់តាំងពីជម្លោះបានផ្ទុះឡើងនៅថ្ងៃទី28 ខែកុម្ភៈ។ 

តាមអ្នកជំនាញយោធាប៉ាន់ប្រមាណថា ទីក្រុងតេអេរ៉ង់បានដាក់មីនតិចជាង 100 គ្រាប់ក្នុងប្រតិបត្តិការលើកដំបូង ហើយពួកគេមិនច្បាស់ទេថាតើទ័ពអាមេរិក ត្រូវបានរកឃើញនិងកម្ទេចចោលមីនទាំងនោះបានឬក៏អត់ដែរ។

យោងលើរូបភាពពីផ្កាយរណបពាណិជ្ជកម្មដែលបានថតនៅថ្ងៃទី22 ខែមេសា បានបើកបង្ហាញយ៉ាងច្បាស់ពីទូកល្បឿនលឿន និងទូកតូចៗរបស់អ៊ីរ៉ង់រាប់សិបគ្រឿងកំពុងធ្វើចលនានៅក្នុងដែនទឹកនៃទីក្រុង Kargan ភាគខាងជើងនៃច្រកសមុទ្រ Hormuz ប៉ុន្តែគោលបំណងរបស់កងកម្លាំងទាំងនេះមិនទាន់មានអ្នកដឹងច្បាស់លាស់នោះទេ។

ផ្អែកលើអ្នកជំនាញផ្នែកសន្តិសុខដែនសមុទ្រប៉ាន់បានប្រមាណថា អ៊ីរ៉ង់អាចមានទូកល្បឿនលឿន និងទូកតូចៗរហូតដល់ពីរាប់រយទៅរាប់ពាន់គ្រឿងឯណោះមុនពេលមានជម្លោះផ្ទុះឡើង។ 

ហើយអាវុធ និងទូកទាំងនោះកំពុងត្រូវបានលាក់នៅក្នុងផ្លូវរូងក្រោមដី និងមូលដ្ឋានឆ្នេរសមុទ្រ ក៏ដូចជាលាយឡំជាមួយនាវាស៊ីវិលផ្សេងទៀត។

យ៉ាងណាក៏ដោយ របាយការណ៍នេះសេតវិមានបានបដិសេធ និងមិនធ្វើការអត្ថាធិប្បាយអ្វីទាំងអស់ជុំវិញការលេចធ្លាយព័ត៌មានខាងលើ៕
ប្រែសម្រួលអត្ថបទដោយ៖ ម៉េង ធីដា