2026-05-01 08:57
14

អ៊ីរ៉ង់៖ ប្រធានសភាអ៊ីរ៉ង់ លោក Mohammad Bagher Ghalibaf បានថ្លែងនៅថ្ងៃព្រហស្បតិ៍ទី30 ខែមេសានេះ ថា ការគ្រប់គ្រងរបស់ទីក្រុងតេអេរ៉ង់លើច្រកសមុទ្រ Hormuz ដែលមានសារៈសំខាន់យុទ្ធសាស្ត្រ នឹងធានាបាននូវ «អនាគតដែលគ្មានវត្តមាន និងការជ្រៀតជ្រែករបស់សហរដ្ឋអាមេរិក»។

តាមរយៈការបង្ហោះលើបណ្ដាញសង្គម X លោកបានសរសេរថា៖ « នៅឆ្នាំ 1622 បន្ទាប់ពីការកាន់កាប់រយៈពេល 115 ឆ្នាំ អ៊ីរ៉ង់បានបណ្តេញអាណានិគមអឺរ៉ុប ចេញពីឈូងសមុទ្រពែរ្ស ហើយយើងបានកំណត់ទិវាឈូងសមុទ្រពែរ្ស ដើម្បីអបអរសាទរជ័យជម្នះនេះ»។

លោកបានបន្ថែមថា « នៅថ្ងៃនេះដែរ អ៊ីរ៉ង់ នឹងអនុវត្តការគ្រប់គ្រងលើច្រកសមុទ្រ Hormuz ដើម្បីធានាថា ប្រទេសខ្លួន និងប្រទេសជិតខាង ទទួលបានអនាគតដ៏មានតម្លៃ ដែលគ្មានវត្តមាន និងការជ្រៀតជ្រែកពីអាមេរិក»។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងស្វែងរកការប្រមូលផ្តុំប្រទេសដៃគូ ដើម្បីបង្កើតសម្ព័ន្ធភាពអន្តរជាតិមួយ ក្នុងគោលបំណងស្តារឡើងវិញនូវសេរីភាពនៃការធ្វើនាវាចរណ៍ នៅច្រកសមុទ្រ ហូមុស (Hormuz)។ 

ព័ត៌មាននេះ ត្រូវបានរាយការណ៍ដោយទីភ្នាក់ងារព័ត៌មាន Reuters ដោយយោងតាមខ្សែទូរលេខរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក។

ខ្សែទូរលេខចុះថ្ងៃទី28 ខែមេសា ដែលត្រូវបានអនុម័តដោយរដ្ឋមន្ត្រីការបរទេស លោក Marco Rubio បានបង្ហាញពីគម្រោងបង្កើត «សម្ព័ន្ធភាពសេរីភាពសមុទ្រ» (MFC) ដែលជាកិច្ចខិតខំប្រឹងប្រែងរួមរវាងក្រសួងការបរទេស និងក្រសួងការពារជាតិអាមេរិក។ 

គម្រោងនេះមានគោលបំណងសម្របសម្រួលការឆ្លើយតបអន្តរជាតិ ដើម្បីស្តារឡើងវិញនូវចរន្តដឹកជញ្ជូនពាណិជ្ជកម្មតាមផ្លូវសមុទ្រដ៏សំខាន់មួយរបស់ពិភពលោក។

ច្រកសមុទ្រ Hormuz ដែលជាផ្លូវដឹកជញ្ជូនប្រហែល 20% នៃប្រេង និងឧស្ម័នសកល បានជួបប្រទះបញ្ហារំខានយ៉ាងខ្លាំង ដែលមិនអាចឆ្លងកាត់បាន បន្ទាប់ពីការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់ នៅថ្ងៃទី 28 ខែកុម្ភៈ ដែលបណ្តាលឲ្យទីក្រុងតេអេរ៉ង់បិទផ្លូវទឹកនេះ។

ការរំខាននេះបានជំរុញឲ្យតម្លៃប្រេងឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង 4 ឆ្នាំ បង្កើនការព្រួយបារម្ភអំពីវិបត្តិផ្គត់ផ្គង់រយៈពេលវែង និងហានិភ័យនៃការធ្លាក់ចុះសេដ្ឋកិច្ចសកល។ 

ទន្ទឹមនឹងនេះ ក្នុងអំឡុងពេលសវនាការរបស់ព្រឹទ្ធសភា អ្នកតាក់តែងច្បាប់អាមេរិកបានលើកឡើងពីការព្រួយបារម្ភអំពីការរំខាននៅក្នុងច្រកសមុទ្រហ័រមូស និងផលប៉ះពាល់សេដ្ឋកិច្ចរបស់ពួកគេ៕ 
អត្ថបទដោយ៖ ឈួន​ ណាគ្រី