2026-05-01 12:33
15

ណនថាបុរី៖ គ្រប់គ្នាបង្ហាញការហួសចិត្ត ខណៈទើបបើកទំព័រដើមខែថ្មីភ្លាម ស្រាប់តែនាយករដ្ឋមន្រ្តីថៃ ចេញសម្ភោជពាក្យស្លោក  “ថៃជួយថៃ” ភ្លាត ដែលជាញឹកញាប់ ពលរដ្ឋកម្ពុជាតែងប្រើ “ខ្មែរជួយខ្មែរ” ដើម្បីលើកទឹកចិត្តសាច់ឈាមរួមជាតិខ្លួនឯង និងជាការបង្ហាញទឹកចិត្តស្ម័គ្រស ចេញពីក្រអៅបេះដូង ក្នុងការជួយគ្នាទៅវិញទៅមក អំឡុងគ្រាលំបាក។

តាមប្រភពពីសារព័ត៌មាន Khaosod បានឲ្យដឹងថា ថ្ងៃទី1 ខែឧសភា ឆ្នាំ2026 នេះ លោក អានុទីន ឆានវីរ៉ាគុល មានចំណាប់អារម្មណ៍ទៅទស្សនាផ្សារបាងយ៉ៃ ក្នុងខេត្តណនថាបុរី ដើម្បីត្រួតពិនិត្យ និងទិញទំនិញមួយចំនួនដូចជា ប្រេងចម្អិនអាហារ អង្ករ និងមីកញ្ចប់ សម្រាប់ចម្អិន និងប្រើប្រាស់ក្នុងផ្ទះលោកផ្ទាល់។

ក្នុងដំណើរការកំពុងទិញអ៊ីវ៉ាន់ទាំងនោះ នាយករដ្ឋមន្រ្តីថៃ បានប្រកាសដាក់ឲ្យប្រជាជនថៃគ្រប់រូបប្រើប្រាស់ពាក្យស្លោក “ថៃជួយថៃ” ដើម្បីកាត់បន្ថយការចំណាយលើការរស់នៅប្រចាំថ្ងៃ ពិសេសត្រូវជួយទិញទំនិញជនជាតិថៃដូចគ្នា ដើម្បីកម្ពស់ផលិតផលក្នុងស្រុក អំឡុងពេលសេដ្ឋកិច្ចកំពុងជួបវិបត្តិផ្ទួនៗនាពេលបច្ចុប្បន្ន។

មិនមែនត្រឹមតែវោហា តែមិនបញ្ចេញសកម្មភាពទេ ប្រកាសចប់ លោក អានុទីន ក៏បានធ្វើគម្រូឲ្យប្រជាជនថៃដែលកំពុងឈរយ៉ាងកកកុញមើលថែមទៀតផង។ លោក សុទ្ធថាត មីស៊ីរី សមាជិកសភាមកពីគណបក្សប្រជាជនដែលជាគណបក្សប្រឆាំង ត្រូវបាន លោក អានុទីន ហៅជួយរុញរទេះទិញទំនិញរបស់លោក ដោយនាយករដ្ឋមន្រ្តីរូបនេះពោលប្រាប់អ្នកសារព័ត៌មានថា នេះហើយដែលហៅថាការមិនរើសអើងបក្សពួក ត្បិតសមាជិកសភារូបនេះស្ថិតក្នុងបក្សប្រឆាំងក្ដី តែគាត់នៅតែបន្ទន់ឥរិយាបថមកជួយរុញរទេះលោក។ 

លោក អានុទីន បន្ថែមថា នេះហៅថា «ប្រជាជនកំពុងជួយគ្នាទៅវិញទៅមក» ដែលមានន័យលើពាក្យ “ថៃជួយថៃ”។

យ៉ាងណាមិញ ក្រោយព័ត៌មាននេះបានផ្សព្វផ្សាយ អ្នកនិយមលេងបណ្ដាញសង្គមជាច្រើននាំគ្នាបញ្ចេញមតិសម្ដែងការហួសចិត្ត និងលើកឡើងចំៗថា កុំថាឡើយតែវប្បធម៌ខ្មែរ សូម្បីតែពាក្យ “ខ្មែរជួយខ្មែរ” ក៏ថៃចម្លងមកជា “ថៃជួយថៃ” វិញដែរ៕
ប្រែសម្រួលអត្ថបទដោយ៖ ម៉េង ធីដា