2024-10-21 10:10
112

(កំពត)៖ កាលពីរសៀលថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០២៤នេះឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតបានថ្លែងនៅក្នុងពិធីបិទវគ្គអប់រំនយោបាយថ្នាក់ខេត្តជំនាន់ទី ៩ របស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពតដែលបានធ្វើឡើងនៅមន្ទីរបក្សខេត្ត។

ជាមួយគ្នានោះឯកឧត្តម ម៉ៅ ធនិន ជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពតបានមានប្រសាសន៍ថានៅក្នុងភូមិសាស្ត្រនយោបាយខេត្តកំពតត្រូវបានបែងចែកជាបី ទី១ មានស្រុកឈូក និងស្រុកជុំគិរី និងស្រុកដងទង់ ទី ២ ស្រុកអង្គរជ័យ និងស្រុកបន្ទាយមាស និងស្រុកកំពង់ត្រាច ទី៣ ស្រុកទឹកឈូ និងក្រុងបូកគោ និងក្រុងកំពត នេះហើយបច្ចុប្បន្នមានគណបក្សផ្សេងៗជាច្រើននៅក្នុងភូមិទាំងបីនេះ។ 

ឯកឧត្តម ម៉ៅ ធនិន ជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពត បានប្រាប់ដល់គ្រូឧទ្ទេស និងសកម្មជនគណបក្សដែលបាបបញ្ចប់វគ្គអប់រំនយោបាយថ្នាក់ខេត្ត ជំនាន់ទី៩ ត្រូវយកគោលការណ៍ និងចំណេះដឹងផ្សេងៗទៅផ្សព្វផ្សាយ ឲ្យបានទូលំទូលាយ ជូនដល់ប្រជាពលរដ្ឋ។ 

ហើយដើម្បីឲ្យការផ្សព្វផ្សាយមានប្រសិទ្ធភាពគ្រូឧទ្ទេស និងសកម្មជនត្រូវចេះប្រើទេពកោសល្យ និងសិល្បះ ពិសេសត្រូវរក្សាគោលជំហរបក្ស “ហ៊ាននិយាយ ហ៊ានធ្វើ។

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតបានបន្តថា ដើម្បីឲ្យប្រជាពលរដ្ឋបានយល់ដឹងកាន់តែច្បាស់ និងកាន់តែទូលំទូលាយ អំពីគោលនយោបាយរបស់បក្ស ការដឹកនាំ ការអភិវឌ្ឍន៍ និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលទៅអនាគត  ទាមទាឲ្យគ្រូឧទ្ទេស សកម្មជននៅតាមបណ្តាស្រុកក្រុង មន្ទីរអង្គភាព ចូលរួមផ្សព្វផ្សាយបន្ត នូវអ្វីដែលខ្លួនបានទទួលពីវគ្គអប់រំនយោបាយនេះឲ្យមានប្រសិទ្ធភាព ។ 

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តជាប្រធានគណបក្សខេត្តបានបញ្ជាក់ថា កាលពីបោះឆ្នោតអាណត្តិមុន កម្លាំងបក្សប្រឆាំងក្នុងខេត្តកំពតមានចំនួន២៤១នាក់។ 

ប៉ុន្តែនៅក្នុងអាណត្តិថ្មីនេះ ក្រុមប្រឆាំងនៅសល់កម្លាំង១១៧នាក់ ហើយនៅពេលបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា កម្លាំងបក្សប្រឆាំងនៅសល់តែ ៦៥នាក់ប៉ុណ្ណោះ។

ការថយចុះចំនួនសមាជិកបក្សប្រឆាំងនេះ ដោយសារហេតុផលសំខាន់៣ទី១៖ គណបក្សប្រឆាំងបាត់បង់ជំនឿលើគណបក្សរបស់ខ្លួនឯង  ទី២៖ថ្នាក់ដឹកនាំនៅក្នុងមូលដ្ឋានខេត្តកំពត កាត់បន្ថយបាននូវភាពអសកម្ម ឬអំពើអយុត្តិធម៌ និងទី៣៖ ដោយសារគណបក្សប្រជាជនកម្ពុជា ជាបក្សដឹកនាំប្រទេសដែលមានភាពរឹងមាំ និងមានភាពចាស់ទុំជាងគេ  មិនងាយមានបក្សណាអាចយកឈ្នះបានឡើយ។ ក្នុងឱកាសនោះដែរឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតក៏បានណែនាំដល់ថ្នាក់ដឹកនាំ សមាជិកសមាជិកាបក្ស ឲ្យយកចិត្តទុកដាក់ ពង្រឹងលើការងារសំខាន់ ៨ចំណុចផ្សេងទៀតឱ្យបានល្អបន្ថែមទៅថ្ងៃមុខ៕