2025-01-28 10:28
21

កំពង់ស្ពឺ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តកំពង់ស្ពឺ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកំពង់ស្ពឺ។

ពិធីនេះធ្វើឡើង ថ្ងៃចន្ទ ទី២៧ ខែមករា ឆ្នាំ២០២៥ និងមានការអញ្ជើញចូលរួមពី ឯកឧត្កមប្រតិភូក្រសួង ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត នាយយក នាយករងរដ្ឋបាលខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងទាំង៣ប្រភេទ អភិបាលក្រុង ស្រុកទាំង៩ អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធជាច្រើនរូបទៀត ពិធីនេះប្រារព្ធនៅសាលប្រជុំ វ៉ី សំណាង ជាន់ទី២ អគាររដ្ឋបាលខេត្ត។

នាឱកាសនោះដែរ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺបានថ្លែងថា អង្គសន្និបាតបានប្រព្រឹត្តិទៅរយៈ២ថ្ងៃ ហើយបានលើកឡើងនូវសំណូមពរ និងកំណត់ទិសដៅអនុវត្តការងារបន្តសម្រាប់ឆ្នាំ២០២៥។
 
រដ្ឋបាលខេត្តបានដាក់ចេញប្រធានបទសំខាន់ៗ ចំនួន ៥ រួមមាន៖ ប្រធានបទទី១ “ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព”, ប្រធានបទទី២៖ “ការពង្រឹងយន្តការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ” ប្រធានបទទី៣៖ “ប្រសិទ្ធភាពនៃការចុះបញ្ជីអត្តសញ្ញាណកម្ម និងសេវាសាធារណៈ” ប្រធានបទទី៤៖ “ប្រសិទ្ធភាពនៃការពង្រឹងប្រព័ន្ធគាំពារសង្គមនៅមូលដ្ឋាន” និងប្រធានបទទី៥៖ “ការគ្រប់គ្រងធនធានធម្មជាតិ និងសំណល់រឹងរាវ”។

មានប្រសាសន៍ក្នុងពិធីបិទសន្និបាតនោះដែរ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងមន្រ្តីពាក់ព័ន្ធអាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ខិតខំបំពេញការងារនៅគ្រប់មូលដ្ឋានក្នុងគោលបំណងបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ឲ្យទទួលបានទំនុកចិត្តពីប្រជាពលរដ្ឋមកលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្ដម បន្តទៀតថា៖ «រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ស្វាហាប់ និងឈ្លាសវៃ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើនការងារ  សមធម៌ ប្រសិទ្ធភាព និង ចីរភាព»។

ក្នុងឱកាសនោះដែរ ឯកឧត្តម ហ៊ុន ម៉ានី បានណែនាំដល់រដ្ឋបាលខេត្តកំពង់ស្ពឺ គណៈបញ្ជាការឯកភាពខេត្ត  ក្រុង-ស្រុក អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ច ត្រូវខិតខំរួមគ្នាបន្តពង្រឹង និងថែរក្សាការពារនូវសុខសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ។ 

ម្យ៉ាងទៀតអាជ្ញាធរដែនដីមន្ទីរ-អង្គភាពមន្ត្រីរាជការនិងកងកម្លាំងគ្រប់លំដាប់ថ្នាក់ទាំងអស់ត្រូវបន្តថែរក្សាការពារនូវស្ថិរភាពនយោបាយសន្តិសុសណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយសង្គមស្របតាមគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពរបស់ប្រមុខរាជរដ្ឋាភិបាលដែលបានដាក់ចេញដើម្បីបង្ការទប់ស្កាត់បង្ក្រាបទល្មើសនានាឱ្យខានតែបាន។

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានបញ្ជាក់ថា៖ «ជាពិសេសត្រូវបន្តពង្រឹង និងរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានតឹងរឹង ត្រូវបន្តអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ជាពិសេសល្បែងអនឡាញ គ្រឿងញៀន និងក្មេងទំនើងឱ្យបានម៉ឺងម៉ាត់ជាទីបំផុតផងដែរ»៕