2025-01-29 21:14
27

បន្ទាយមានជ័យ៖ យប់រំលងអធ្រាត្រថ្ងៃបុណ្យចូលឆ្នាំប្រពៃណីបងប្អូនប្រជាជនជាតិចិន-វៀតណាម ឈានចូលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ នេះ មានករណីអគ្គីភ័យមួយបានឆាបឆេះផ្សារត្រី នៅក្នុងភូមិបាលិលេយ្យ១ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង បណ្ដាលឱ្យឆាប់ឆេះតូបលក់ដូររបស់អាជីវករអស់ជាច្រើនតូប។

ក្រោយទទួលបានព័ត៌មានករណីអគ្គីភ័យនេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានបញ្ជូនកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត កម្លាំងវរៈនគរបាលការពារព្រំដែនគោកលេខ៨៩១, ៩១១ ជាង ១០០ នាក់ និងរថយន្តពន្លត់អគ្គីភ័យ ចំនួន ០៤ គ្រឿង សហការជាមួយ កម្លាំងកងរាជអាវុធហត្ថ អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ ជួយអន្តរាគមន៍ពន្លត់កន្លែងកើតហេតុ រហូតដល់វេលាម៉ោង ២៤និង៥០នាទី ទើបគ្រប់គ្រងស្ថានការណ៍បាន និងភ្លើងរលត់ទៅវិញទាំងស្រុង។

លោកវរៈសេនីយ៍ឯក ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា ករណីអគ្គីភ័យឆាប់ឆេះផ្សារត្រី បានបណ្ដាលឲ្យ ឆេះតូបអស់ ចំនួន ០៣តូប គឺតូបសាឡន ១ តូប តូចលក់អីវ៉ាន់ចាបហួយ ១ និងតូបលក់ខោអាវ ១ តូ​ប​ សម្ភារៈ និងអីវ៉ាន់ឆេះត្រូវទាំងស្រុង និងមិនបានបណ្ដាលឱ្យជនណាម្នាក់រងរបួស ឬស្លាប់បាត់បង់ជីវិតឡើយ៕