2025-01-30 13:27
17

ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែមករា ឆ្នាំ២០២៥ នៅអគារមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) ក្រសួងពាណិជ្ជកម្ម និងក្រសួងមុខងារសាធារណៈបានសហការរៀបចំសិក្ខាសាលាស្តីពី “ការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងពាណិជ្ជកម្ម”។

សិក្ខាសាលានេះប្រារព្ធធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា (គ.វ.រ.) ព្រមទាំងវត្តមានចូលរួមដោយលោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងពាណិជ្ជកម្ម និងក្រសួងមុខងារសាធារណៈជាច្រើនរូប។

គោលបំណងនៃសិក្ខាសាលា គឺដើម្បីផ្តល់ជូនវឌ្ឍនភាពការងារ និងការពង្រីកវិសាលភាពព័ត៌មានស្តីពី ការអនុវត្តការងារ និងដំណាក់កាលនានានៃការពិនិត្យឡើងវិញ ការវិភាគមុខងារនិងរចនាសម្ព័ន្ធ ដល់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការស៊ីវិលតាមបណ្តាក្រសួងស្ថាប័ននានាបានជ្រាបបន្ថែម និងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការនៃភាពប្រទាក់ក្រឡាគ្នាកាន់តែល្អប្រសើរ។

បន្ថែមពីនេះ សិក្ខាសាលានេះ ធ្វើឡើងដើម្បីផ្ដល់បទបង្ហាញដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់របស់ក្រសួងពាណិជ្ជកម្មឱ្យបានជ្រាបអំពី ដំណើរការនៃការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធរបស់ក្រសួងស្ថាប័ន និងយន្តការគាំទ្រក្នុងក្របខណ្ឌនៃការកែទម្រង់ និងការពង្រឹងអភិបាលកិច្ច៕