ភ្នំពេញ៖ សំណុំរឿងឧក្រិដ្ឋជនជនជាតិចិន ដែលធ្វើសកម្មភាពចាប់នារីញាត់ចូលវ៉ាលីស ដើម្បីជំរិតទាប្រាក់ ត្រូវបានកម្លាំងនាយករដ្ឋព្រហ្មទណ្ឌអគ្គស្នងការនគរបាលជាតិ បំបែកដោយឃាត់ខ្លួនមុខសញ្ញាជនសង្ស័ងជនជាតិចិនចំនួន ០២ នាក់ និងរំដោះជនរងគ្រោះបានម្នាក់។
នគរបាលបានបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ កន្លងទី នៅចំណុច សណ្ឋាគារ «នួ ឌី ស៊ី» ក្នុងសង្កាត់ទឹងថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានករណីចាប់ជនរងគ្រោះឈ្មោះ HO THI LUONG ភេទស្រី អាយុ ៣៧ឆ្នាំ ជនជាតិវៀតណាម ដាក់ចូលទៅក្នុងវ៉ាលីស ដើម្បីជំរិតទារប្រាក់បង្កឡើងដោយជនមិនស្គាល់អត្តសញ្ញាណចំនួន ០១ក្រុម ជនជាតិចិន។
ក្រោយពីមានហេតុការណ៍ខាងលើកើតឡើង ដោយអនុវត្តតាមបទបញ្ជារបស់ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ១៧និង៣០នាទី លោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, វរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំសហការជាមួយអធិការដ្ឋាននគរបាលខណ្ឌដង្កោ និងខណ្ឌបឹងកេងកង រហូតកំណត់បានអត្តសញ្ញាណនិងទីតាំងលាក់ខ្លួនរបស់ជនសង្ស័យខាងលើ ដោយកម្លាំងជំនាញបានជួយសង្គ្រោះជនរងគ្រោះបានម្នាក់ ឈ្មោះ ZHAO KANG LI ភេទស្រី អាយុ ៤០ឆ្នាំ ជនជាតិចិន។
ក្នុងប្រតិបត្តិការបំបែកសំណុំរឿងនេះ កម្លាំងជំនាញបានចាប់ខ្លួនក្រុមជនសង្ស័យចំនួន ០២ នាក់ រួមមាន៖ ទី១- ឈ្មោះ JIAO YOUKE អាយុ ២៧ឆ្នាំ ជនជាតិចិន និង ទី២- ឈ្មោះ ZHENG NAIWEN អាយុ ៣៧ឆ្នាំ ជនជាតិចិន ត្រងចំណុច បុរី ពិភពថ្មី កួរស្រូវ៣ សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនសង្ស័យខាងលើបានសារភាពថា៖ «ពួកខ្លួនដែលចូលរួមធ្វើសកម្មភាពមានគ្នា ចំនួន ០៣ នាក់ ដោយបានធ្វើសកម្មភាពចាប់ស្រ្តីជនជាតិចិន និងវៀតណាម ដាក់ចូលទីក្នុងវ៉ាលី ដើម្បីជំរិតទារប្រាក់ សរុបចំនួន ០៦ ករណី មកហើយ»។
ជាមួយគ្នានេះ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សូមធ្វើការក្រើនរំលឹក និងអំពាវនាវឲ្យបណ្ដាផ្ទះសំណាក់ សណ្ឋាគារទាំងអស់ នៅពេលឃើញអ្នកអូសវ៉ាលីធំៗខុសប្រក្រតី សូមរាយការណ៍មកកាន់សមត្ថកិច្ចជាបន្ទាន់។
បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ៕