បាត់ដំបង៖ នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគណៈប្រតិភូអមដំណើរ បានអញ្ជើញជួបសំណេះសំណាលជាមួយម្ចាស់ក្រុមហ៊ុនឯកជន សហគមន៍ ម្ចាស់ចំការ និងកសិករផលិតមៀនប៉ៃលិននៅក្នុងខេត្តបាត់ដំបង និងខេត្តប៉ៃលិន។
ម្ចាស់ក្រុមហ៊ុន ពេជ្រ ចិន្តា ហ្វ្រ៊ូត ប្រូដាក់សិន ភីអេហ្វភី ឯ.ក និងតំណាងសហគមន៍ ម្ចាស់ចំការប្រមាណ ៥០នាក់ ស្ថិតនៅភូមិអូរប្រយុទ្ធ ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បានធ្វើសេចក្តីរាយការណ៍សង្ខេបពីបញ្ហាប្រឈមជុំវិញការខ្វះខាតទុនវិនិយោគសម្រាប់បង្វិលលើការទិញផលិតផលមៀនស្រស់ ខ្វះខាតប្រព័ន្ធអគ្គិសនីប្រើប្រាស់នៅក្នុងក្រុមហ៊ុន និងសហគមន៍ជាប្រមូលទិញ និងមានភាពយឺតយ៉ាវចំពោះការបេះមៀនប៉ៃលិនស្រស់ ពីស្រុកសំពៅលូន ស្រុកភ្នំព្រឹក ស្រុកកំរៀង និងនៅស្រុកម៉ាឡៃ ខេត្តបាត់ដំបង។
ដោយឡែក ម្ចាស់ក្រុមហ៊ុន ឆាយណា ជីនវ័រយាន អ៊ីមផត អិចផត (ខេមបូឌា) ឯ.ក និងតំណាងសហគមន៍ ម្ចាស់ចំការប្រមាណ ២០នាក់ ស្ថិតនៅភូមិអំពៅកើត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ក៏បានលើកឡើងពីបញ្ហាប្រឈមជុំវិញការប្រមូលទិញនិងបេះមៀនប៉ៃលិនស្រស់ ដោយសារបេះមិនទាន់ពេលវេលានិងធ្វើឱ្យមានការខូចខាតច្រើន។
និយាយជារួមពួកគាត់ ស្នើសុំស្ថាប័នពាក់ព័ន្ធជាពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ជួយសម្របសម្រួលដោះស្រាយបញ្ហាប្រឈមជូនពួកគាត់ផងដែរ។
តបតាមសំណើរបស់ម្ចាស់ក្រុមហ៊ុន សហគមន៍ និងប្រជាកសិករ ឯកឧត្តមរដ្ឋមន្ត្រីបានទទួលនូវសំណើ ក្នុងការជួយរកដំណោះស្រាយជូនពួកគាត់ឱ្យបានទាន់ពេលវេលា។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំ និងលើកទឹកចិត្តដល់សហគមន៍និងម្ចាស់ចំការ ត្រូវសហការឱ្យបានជិតស្និតជាមួយក្រុមហ៊ុន ហើយត្រូវធ្វើកិច្ចសន្យាថ្មីជាមួយគ្នាឱ្យមានតម្លាភាព គោរពតាមលក្ខខណ្ឌនៃកិច្ចសន្យារួមគ្នានិងស្របតាមស្តង់ដាដែលបានកំណត់ប្រកបដោយប្រសិទ្ធភាពខ្ពស់។
បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ឌីណា បានបន្ថែមថា ករណីក្រុមហ៊ុន ឬម្ចាស់ចំការត្រូវការកម្លាំងពលកម្មជួយបេះមៀន ក្រសួងកសិកម្ម នឹងធ្វើកិច្ចសហការជាមួយឯកឧត្តមនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ផ្តល់កងកម្លាំងទាហានដល់ក្រុមហ៊ុន សហគមន៍ និងម្ចាស់ចំការឱ្យជួយបង្រៀនកងកម្លាំងទាំងនោះ ឱ្យចេះប្រមូលផលដើម្បីជួយដោះស្រាយបញ្ហាជូនពួកគាត់ឱ្យបានទាន់ពេលវេលា ដើម្បីងាយស្រួលចែកចាយមៀនស្រស់ និងដំណាប់មៀនសម្ងួតនៅលើទីផ្សារក្នុងស្រុក និងក្រៅស្រុកឱ្យទទួលបានប្រសិទ្ធភាពនិងប្រសិទ្ធផលខ្ពស់។
នាឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងពីសារៈប្រយោជន៍នៃសហគមន៍កសិកម្មទំនើប ដែលជួយប្រជាកសិករក្នុងការកាត់បន្ថយថ្លៃដើមផលិតនិងការទិញធាតុចូលកសិកម្មជាលក្ខណៈទ្រង់ទ្រាយធំ មានផែនការផលិតកម្មច្បាស់លាស់អាចផ្គត់ផ្គង់តាមតម្រូវការទីផ្សារ មានកិច្ចសន្យាផលិតកម្មត្រឹមត្រូវ ទទួលបានកម្ចីការប្រាក់ទាប និងមានទីផ្សារពិតប្រាកដ។
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានបញ្ជាក់ថា៖ «សហគមន៍កសិកម្មទំនើបនេះ នឹងទទួលបានការគាំទ្របច្ចេកទេសពីក្រសួងកសិកម្មផ្ទាល់ តាមរយៈការសហការជាមួយមន្រ្តីកសិកម្មឃុំ និងក្រុមការងារជំនាញ ប្រការសំខាន់ប្រជាកសិករត្រូវកសាងទំនុកចិត្តជាមួយគ្នា ចេះសហការគ្នា គោរពតាមច្បាប់លក្ខន្តិកៈរបស់សហគមន៍ដែលបានចែងដើម្បីទទួលបានផលចំណេញសេដ្ឋកិច្ច និងមាននិរន្តរភាព»៕