2025-01-30 13:32
17

ភ្នំពេញ៖ លោក សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានជួបពិភាក្សាការងារជាមួយលោកស្រី Carolyn Bagster លេខាទី១ នៃស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា ក្នុងគោលបំណងពិភាក្សាអំពីលទ្ធភាពនៃការរៀបចំបេសកកម្មជំរុញ និងទាក់ទាញការវិនិយោគទៅកាន់ប្រទេសអូស្ត្រាលី ជូនថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ, និងវិស័យឯកជន។

យោងតាមប្រភពក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អង្គប្រជុំបានពិភាក្សាប្រកបដោយផ្លែផ្កាលើទិដ្ឋភាពនៃការរៀបចំ និងការប្រព្រឹត្តទៅនៃបេសកកម្មដ៏មានសារៈសំខាន់។

ជាមួយគ្នានេះ អង្គប្រជុំក៏បានផ្លាស់ប្តូរមតិយោបល់អំពីឧត្តមានុវត្តន៍ និងទស្សនទាននៃការរៀបចំដើម្បីសម្របជាមួយនឹងស្ថានភាព និងនិន្នាការរបស់សហគមន៍ធុរកិច្ចអូស្ត្រាលី។

ប្រភពដដែលបានឱ្យដឹងថា៖ អង្គប្រជុំបានបង្ហាញនូវសុទិដ្ឋិនិយមថា គម្រោងនៃការរៀបចំបេសកកម្មនេះ នឹងប្រែក្លាយទៅជាសមិទ្ធផលរូបីសម្រាប់ប្រទេសទាំងពីរនាឱកាសខួបគម្រប់ ៧៣ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជា និងអូស្ត្រាលីជាក់ជាពុំខាន។

សូមជម្រាបជូនផងដែរថា បេសកកម្មជំរុញនិងទាក់ទាញវិនិយោគគឺជាផ្នែកមួយនៃយុទ្ធនាការទាក់ម៉ូយដែលបានដាក់ចេញឱ្យប្រតិបត្តិដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សំដៅលើកកម្ពស់កិត្យានុភាព និងបញ្ជ្រាបការឈ្វេងយល់អំពីសក្តានុពល និងបរិយាកាសវិនិយោគរបស់កម្ពុជាលើឆាកតំបន់និងអន្តរជាតិ៕