2025-01-29 20:46
17

កំពត៖ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកំពត បានសម្រេចចេញដីកាបង្គាប់ឱ្យឃុំខ្លួនក្រុមក្មេងទំនើង ចំនួន ១១ នាក់ ជាបណ្តោះអាសន្នក្នុងពន្ធនាគារពាក់ព័ន្ធករណីអំពើហិង្សាវាយកាប់ចាក់គ្នាទៅវិញទៅមក នៅរង្វង់មូលធុរេន។

លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានឱ្យដឹងថា៖ «ក្រុមក្មេងទំនើងដែលបានប្រើហឹង្សារទៅវិញទៅមក ចំនួន ១១ នាក់ នៅរង្វង់មូលធុរ៉េន កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ ត្រូវបានតុលាការចេញដីការឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារ»

លោកស្នងការ ក៏អំពាវនាវដល់ក្មួយៗផ្សេងៗទៀតកុំយកគំរូតាមអោយសោះ ខិតខំរៀនសូត្រធ្វើជាពលរដ្ឋល្អ និងជាកូនល្អសំរាប់ក្រុមគ្រួសារ។ ទឹកភ្នែករបស់ឪពុកម្តាយដែលក្មួយៗធ្វើអោយពួកគាត់ស្រក់នៅពេលនេះ នឹងតមស្នងមកដល់ក្មួយៗវិញនៅពេលដែលក្មួយៗក្លាយទៅជាឪពុករបស់គេនៅថ្ងៃអនាគត។ សង្ឃឹមថា នៅពេលចេញមកវិញក្មួយៗនឹកភ្ញាក់រលឹកនឹងកែប្រែខ្លួនឡើងវិញ។

សូមជម្រាបថា កាលពីយប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ កន្លងទៅនេះ មានករណីហិង្សាបង្កឡើងដោយក្រុមក្មេងទំនើប ចំនួន ០២ ក្រុម ធ្វើសកម្មភាពវាយកាប់ចាក់គ្នា ត្រង់ចំណុចស្ថានីយប្រេងឥន្ធនៈមួយកន្លែងក្បែររង្វង់មូលផ្លែធុរេន ក្នុងក្រុងកំពត ធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយត្រូវបានសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនជាបន្តបន្ទាប់។ ក្រោយចាប់ខ្លួនសមត្ថកិច្ចបានធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនិតិវិធី រួចបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់។

បច្ចុប្បន្នក្រុមក្មេងទំនើងទាំង១១នាក់ ត្រូវបានឃុំខ្លួនជាបណ្តោះអាសន្ន ក្នុងពន្ធនាគារខេត្តកំពត រងចាំចំណាក់ការជាបន្តទៀត៕