2024-12-26 20:00
14

រដ្ឋធានីកាប៊ូល៖ មន្រ្ដីសន្ដិសុខជាន់ខ្ពស់មួយរូបរបស់ប៉ាគីស្ថាន បានប្រាប់ដល់ទីភ្នាក់ងារសារព័ត៌មានរបស់បារាំង កាលពីថ្ងៃពុធ ទី២៥ ខែធ្នូ ឆ្នាំ២០២៤ ថា យន្ដហោះចម្បាំងរបស់កងទ័ពប៉ាគីស្ថាន បានបើកការវាយប្រហារតាមអាកាស ចូលទៅក្នុងប្រទេសអាហ្វហ្កានីស្ថាន កំណត់គោលដៅកន្លែងលាក់ខ្លួនរបស់ក្រុមភេរវករ ឆ្លងកាត់ព្រំដែន។

ទូរទស្សន៍អារ៉ាប់អន្ដរជាតិ Al Arabiya News  បានផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូ ឆ្នាំ២០២៤ ថា បើតាមប្រភពសុំលក្ខខណ្ឌមិនបញ្ចេញអត្ដសញ្ញាណ បានអះអាង ថា ប៉ាគីស្ថាន បានវាយប្រហារពេលយប់ ដោយបានកំណត់គោលដៅកន្លែងលាក់ខ្លួនរបស់ក្រុមភេរវករ នៅក្នុងប្រទេសប៉ាគីស្ថាន ដោយប្រើប្រាស់យន្ដហោះចម្បាំងជាច្រើនគ្រឿង និង យន្ដហោះគ្មានមនុស្សបើក ឬ ដ្រូនជាច្រើនគ្រឿងផងដែរ។

លោក ហ្សាប៊ីហ៊ូឡោះ មូចាហ៊ីដ (Zabihullah Mujahid) អ្នកនាំពាក្យ រដ្ឋាភិបាលតាលីបង់ គ្រប់គ្រងនៅប្រទេសអាហ្វហ្កានីស្ថាន បានបញ្ជាក់ ថា កាលពីល្ងាច ថ្ងៃអង្គារ ប៉ាគីស្ថាន បានទម្លាក់គ្រាប់បែក ទៅលើចំណុច៤កន្លែង ស្ថិតក្នុងស្រុកបាម៉ាល (Barmal) ខេត្តប៉ាកទីកា (Paktika) ប្រទេសប៉ាគីស្ថាន។ សកម្មភាពយោធារបស់ប៉ាគីស្ថាន បានសម្លាប់មនុស្ស សរុប ចំនួន៤៦នាក់ ដោយភាគច្រើន ជាកុមារ និង ស្រ្ដី។

ក្រសួងការពារជាតិអាហ្វហ្កានីស្ថាន បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ កាលពីល្ងាច ថ្ងៃអង្គារ បានថ្កោលទោសដល់ការវាយប្រហារចុងក្រោយរបស់ប្រទេសប៉ាគីស្ថាន ចូលមកលើទឹកដីរបស់អាហ្វហ្កានីស្ថាន។ រដ្ឋាភិបាលតាលីបង់ បានចាត់ទុកសកម្មភាពយោធារបស់ប៉ាគីស្ថាន ជាអំពើព្រៃផ្សៃ និង បង្ហាញពីការឈ្លានពានយ៉ាងច្បាស់ក្រឡែត។

ភាពតានតឹង នៅតាមព្រំដែន រវាងប្រទេសប៉ាគីស្ថាន និង អាហ្វហ្កានីស្ថាន បានកើឡើង ចាប់តាំងពីពួកតាលីបង់ បានរឹបអូសអំណាច កាលពីអំឡុងឆ្នាំ២០២១រហូតមក។ រដ្ឋាភិបាលក្រុងអ៊ិស្លាមបាដ បានអះអាង ថា ក្រុមជីវពល កំពុងតែអនុវត្ដការវាយប្រហារជាប្រចាំ ចេញពីប្រទេសអាហ្វហ្កានីស្ថាន ចូលមកលើទឹកដីរបស់ប៉ាគីស្ថាន។  ស្របគ្នានេះដែរ រដ្ឋាភិបាលក្រុងអ៊ិស្លាមបាដ បានចោទប្រកាន់ដល់រដ្ឋាភិបាលតាលីបង់ នៅក្រុងកាប៊ូល ពីបទលាក់ទុកក្រុមសកម្មប្រយុទ្ធ ដោយអនុញ្ញាតឱ្យពួកគេវាយប្រហារ មកលើទឹកដីប៉ាគីស្ថាន ដោយគ្មានទោសពៃរ៍។ ប៉ុន្ដែរដ្ឋាភិបាលតាលីបង់ បានច្រានចោលនូវការចោទប្រកាន់របស់ប៉ាគីស្ថាន៕