2024-12-26 20:04
15

រដ្ឋធានីសេអ៊ូល៖ គណបក្សប្រឆាំងរបស់ប្រទេសកូរ៉េខាងត្បូង បានអះអាង កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូ ឆ្នាំ២០២៤ ថា គណបក្សរបស់ខ្លួន បានស្នើឲ្យមានការចោទប្រកាន់ ប្រឆាំងនឹងប្រធានាធិបតីស្តីទី លោក ហាន់ ឌុកស៊ូ (Han Duck-soo) ក្រោយពេលគាត់មិនព្រមតែងតាំងចៅក្រម នៃតុលាការធម្មនុញ្ញ សម្រាប់ដំណើរការនីតិវិធី ដកហូតតំណែងប្រធានាធិបតី លោក យូន ស៊ុកយូល (Yoon Suk Yeol) ចេញពីអំណាច។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានរបស់បារាំង AFP បានចេញផ្សាយ កាលពីព្រឹក ថ្ងៃដដែលនេះ។

ប្រទេសកូរ៉េខាងត្បូង បានធ្លាក់ចូលទៅក្នុងស្ថានភាពវិបត្ដិនយោបាយ ក្រោយពេលលោកប្រធានាធិបតី យូន ស៊ុកយូល បានប្រកាសដាក់ប្រទេសអាស៊ីបូព៌ាមួយនេះ ក្រោមច្បាប់អាជ្ញាសឹក កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤។ លោកប្រធានាធិបតី យូន ត្រូវបានសភាកូរ៉េខាងត្បូង បោះឆ្នោតចោទប្រកាន់ និង ព្យួរតំណែងរបស់គាត់ កាលពីថ្ងៃទី១៤ ខែធ្នូ ក្រោយពេលគាត់បានរងបរាជ័យ ចំពោះការប្រកាសដាក់ប្រទេសក្រោមច្បាប់អាជ្ញាសឹក។  ប៉ុន្ដែនីតិវិធី នៅក្នុងការដកហូតតំណែងទាំងស្រុងរបស់លោកប្រធានាធិបតី យូន ចាំបាច់ត្រូវមានការសម្រេចចិត្តចុងក្រោយ ពីស្ថាប័នតុលាការធម្មនុញ្ញរបស់កូរ៉េខាងត្បូង។

បើទោះជាយ៉ាងណាក៏ដោយ លោកប្រធានាធិបតីស្ដីទី ហាន នៅតែបន្តមិនយល់ព្រម ចំពោះការតែងតាំងចៅក្រម៣រូប  សម្រាប់បំពេញអង្គចៅក្រមចំនួន៩រូបរបស់តុលាការធម្មនុញ្ញ។ បញ្ហានេះបានរារាំងដល់ដំណើរការ សម្រាប់នីតិវិធីទម្លាក់លោកប្រធានាធិបតី យូន ពីអំណាច។ ប៉ុន្ដែឥឡូវនេះ គណបក្សប្រជាធិបតេយ្យ ដែលជាបក្សប្រឆាំង នៅក្នុងប្រទេសកូរ៉េខាងត្បូង កំពុងតែព្យាយាមដកហូតតំណែងរបស់លោក ហាន ចេញពីប្រធានាធិបតីស្ដីទី។ បើតាមគម្រោង សភានឹងបោះឆ្នោតលើសំណើចោទប្រកាន់ និង ដកហូតតំណែងរបស់លោក ហាន នៅថ្ងៃសុក្រ ទី២៧ ខែធ្នូ ឆ្នាំ២០២៤។

មួយវិញទៀត ប្រសិនបើសំណើនេះ ត្រូវបានសមាជិកសភាអនុម័តមែននោះ បញ្ហានេះ បានក្លាយជាលើកទី១ នៅប្រទេសកូរ៉េខាងត្បូង ចោទប្រកាន់ និង ដកហូតតំណែងប្រធានាធិបតីស្តីទី។ រីឯអ្នកនឹងចូលមកជំនួសតំណែងរបស់លោក ហាន គឺរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ លោក ឆយសាងមុក (Choi Sang-mok) នឹងត្រូវឡើងកាន់តំណែងជាប្រធានាធិបតីស្តីទីបន្ដ៕