2025-02-01 16:05
10

ព្រះសីហនុ៖ នាវាពិឃាតរបស់កងទ័ពជើងទឹកកាណាដាមានឈ្មោះ HMCS OTTAWA FFH 341 បានចូលចតនៅកំពង់ផែរស្វយ័ត ក្រុងព្រះសីហនុដោយសុវត្ថិភាពដូចបានគ្រោងទុកក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ដែលមានរយៈពេល៤ថ្ងៃ។

ព្រឹកថ្ងៃសៅរ៍ ទី០១ ខែកុម្ភៈ ឆ្នាំ២០២៥ លោកវរនាវីឯក មាន សាវឿន មេបញ្ជាការរង មូលដ្ឋានសមុទ្ររាម និងនាយនាវីជាច្រើនរូប អញ្ជើញទៅទទួលស្វាគមន៍នាវាកងទ័ពជើងទឹកកាណាដាចំនួន ០១គ្រឿង មានឈ្មោះ HMCS ottawa ដឹកនាំដោយវរនាវីទោ Adriano Lozer មេបញ្ជាការនាវា កងទ័ពជើងទឹកកាណាដាមាននាវិក ២៥៥នាក់ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយភាពរាក់ទាក់និងស្និតស្នាលបំផុត។

ការធ្វើដំណើរមកដល់កំពង់ផែក្រុងព្រះសីហនុ របស់នាវាពិឃាតកងទ័ពជើងទឹកកាណាដានេះ ក្នុងដំណើរបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជាមានរយៈពេល៤ថ្ងៃ គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥ គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការល្អ បង្កើនទំនាក់ទំនងនិងរឹតចំណងមិត្តភាព សាមគ្គីភាពឱ្យកាន់តែល្អទ្វេឡើងថែមទៀត រវាងប្រទេសទាំងពីរ (កម្ពុជា-កាណាដា)។

ចំពោះលក្ខណៈបច្ចេកទេសរបស់ HMCS Ottawa ទម្ងន់ផ្ទុក ៥១០០ តោន មានបណ្ដោយ ១៣៤,៧ ម៉ែត្រ  ទទឹង ១៦,៥ ម៉ែត្រ និងជម្រៅទឹក ៧,៥ ម៉ែត្រ ល្បឿនខ្ពស់ ៣០ knots មានផ្ទុកឧទ្ធម្ភាគចក្រ CH-148 ទស្សនកិច្ចជាផ្លូវការនៅកម្ពុជា ដើម្បីរឹតចំណងសាមគ្គីភាព មិត្តភាព រវាងកងទ័ពជើងទឹកប្រទេសទាំងពីរ ក្នុងនោះក៏មានកម្មវិធីខ្លះៗ រួមមាន -ការប្រកួតកីឡាបាល់ទាត់ បាល់ទះជាមិត្តភាព លោកវេជ្ជបណ្ឌិត និងគ្រូពេទ្យមកពិនិត្យមជ្ឈមណ្ឌលវិជ្ជសាស្ត្រនៅមូលដ្ឋានសមុទ្ររាម កងទ័ពជើងទឹក ដោតលើជំនាញការុករកស្វែងរក និងសង្គ្រោះ ។ល។