
ព្រះសីហនុ៖ អាជ្ញាធរខេត្តព្រះសីហនុ បានប្រកាសផ្អាកមិនឲ្យប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចុះមុជទឹកសមុទ្រនៅឆ្នេរព្រែកត្រែង ក្នុងក្រុងព្រះសីហនុជាបណ្តោះអាសន្នសិន ក្រោយមានករណីប្រេងលេចធ្លាយអណ្តែតមកទើលើឆ្នេរសមុទ្រយ៉ាងច្រើន ដើម្បីទុកលទ្ធភាពឱ្យក្រុមការងារធ្វើការសម្អាតសិន។
ខណៈពេលនេះ អាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធកំពុងស្វែងរកប្រភពប្រេងដែលលេចធ្លាយ និងមូលហេតុពិតប្រាកដ។
តាមសេចក្តីការណ៍ នាព្រឹកថ្ងៃសៅរ៍ ទី០១ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ ករណីមានប្រេងអណ្តែតមកលើឆ្នេរព្រែកត្រែងក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ និងឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
អាជ្ញាធរកំពុងញាប់ដៃញាប់ជើងក្នុងការសម្អាតកំណកប្រេងចេញឆ្នេរសមុទ្រផងដែរ។
ក្រោយមានករណីខាងលើនេះ លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ អាជ្ញាធរក្រុងព្រះសីហនុ ស្រុកស្ទឹងហាវ និងឃុំ-សង្កាត់ ដោយមានការចូលរួមសហការពីតំណាងក្រសួងបរិស្ថាន និងក្រសួងរ៉ែ និងថាមពល ចុះពិនិត្យទីតាំងជាក់ស្តែង ដើម្បីស្វែងរកប្រភពនៃការលេចធ្លាយប្រេងនៅលើផ្ទៃសមុទ្រនិងបានចាត់កម្លាំងធ្វើការសម្អាតប្រេងនៅតាមបណ្តោយឆ្នេរ និងតាមទីតាំងមួយចំនួនទៀត ដែលមានកកកំណកប្រេង។
ជុំវិញមានករណីលេចប្រេងអណ្តែតមកឆ្នេរសមុទ្រកម្ពុជានេះ នៅចំពោះមុខអាជ្ញាធរខេត្តព្រះសីហនុ បានអំពាវនាវ និងណែនាំដល់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលមកកំសាន្តនាចុងសប្តាហ៍នៅឆ្នេរព្រែកត្រែង និងអូរត្រេះផ្អាកចុះលេងទឹកជាបណ្តោះអាសន្នសិនទុកលទ្ធភាពជូនក្រុមការងារធ្វើការសម្អាត និងចៀសវាងផលប៉ះពាល់ផ្សេងៗ៕

