2025-03-05 15:08
71

ខេត្តប៉ៃលិន៖    អភិបាលខេត្តប៉ៃលិន លោកជំទាវ បាន ស្រីមុំ បានមានប្រសាសន៍ផ្ដាំផ្ញើ និងជម្រុញដល់អាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ អង្គការសង្គមស៊ីវិលយកចិត្តទុកដាក់ ការងារបញ្ជាបយេនឌ័រ ដែលបានកំណត់នៅក្នុងផែនការយុទ្ធសាស្ត្រនារីរតនៈទី៦ មានក្របខ័ណ្ឌច្បាប់ក្នុងការពង្រឹងសមត្ថភាព និងរចនាសម្ព័ន្ធស្ថាប័ន ក៏ដូចជាវិធានការជាក់លាក់ក្នុងការលើកកម្ពស់សមភាពយេនឌ័រ ក្នុងវិស័យទាំង ៦ធំៗ រួមមាន៖ ១-ការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចរបស់ស្ត្រី, ២-ការលើកកម្ពស់សីលធ៌មសង្គមតម្លៃស្ត្រីនិងគ្រួសារខ្មែរ, ៣-ការលើកកម្ពស់សុខភាពរបស់ស្ត្រីនិងក្មេងស្រី, ៤-កិច្ចការពារ ផ្លូវច្បាប់សម្រាប់ស្ត្រីនិងក្មេងស្រី, ៥-ស្ត្រីក្នុងភាពជាអ្នកដឹកនាំនិងអភិបាលកិច្ច និង ៦-ស្ត្រីនិងការប្រែប្រួសអាកាសធាតុ ការផ្តាំផ្ញើបែបនេះក្នុងឱកាសលោកស្រីអភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី១១៤ នៃទិវាអន្តរជាតិ ០៨ មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ «សិទ្ធិសមភាព និងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប» នៅមន្ទីរកិច្ចនារីខេត្ត នាព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥។

លោកជំទាវអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកកម្ពស់ សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចរបស់ស្ត្រី និងក្មេងស្រី នៅគ្រប់វិស័យជាអាទិភាពនៅក្នុងរបៀបវារៈគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ តាមរយៈការពង្រឹងភាព ជាពលរដ្ឋ ក្នុងសង្គម ដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន ដែលនៅក្នុងនោះ(ស្ត្រីគឺជាស្នូល) តាមរយៈការបង្កើនការវិនិយោគលើសមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រី នៅក្នុងវិស័យសេដ្ឋកិច្ច អប់រំ សុខភាព និងការដឹកនាំសាធារណៈ ដើម្បីទាញយកអត្ថប្រយោជន៍ពីភាគលាភយេនឌ័រ បង្កលក្ខណៈអំណោយផល ដល់ស្ត្រីក្នុងការប្រើប្រាស់សិទ្ធិលើការសម្រេចចិត្ត អំពីផែនការគ្រួសារកាត់បន្ថយ ភាពងាយរងគ្រោះដោយអំពើហិង្សាទាក់ទង នឹងយេនឌ័រលើស្ត្រី និងក្មេងស្រី។

លោកជំទាវ អភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ ទិវាអន្តរជាតិ៨មីនា ឆ្នាំ២០២៥ ខួបលើកទី ១១៤ ត្រូវបានប្រារព្ធឡើង ក្នុងគោលបំណងដើម្បីគូសបញ្ជាក់អំពីសារៈសំខាន់នៃការទទួលបាន និងអនុវត្តសិទ្ធិ ការលើកកម្ពស់សមភាព និងការពង្រឹងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូបនៅកម្ពុជា ហើយប្រធានបទនេះ ក៏ផ្តោតសំខាន់ ផងដែរ លើការលើកកម្ពស់ផលជះជាវិជ្ជមាន និងទាញយកអត្ថប្រយោជន៍ពីភាគលាភយេនឌ័រជូនគ្រួសារ ពង្រឹងសហគមន៍ និងវឌ្ឍនភាពសង្គមជំរុញកំណើនការអភិវឌ្ឍសេដ្ឋកិច្ច និងលើកកម្ពស់សុខុមាលភាពសង្គម ជាមួយការឆ្លុះបញ្ចាំងអំពីវឌ្ឍនភាព សមិទ្ធផល បញ្ហាប្រឈម កាលានុវត្តភាពនានា ជាពិសេសបង្ហាញពីការប្តេជ្ញាចិត្ត និងវិធានការ វិជ្ជមាន ក្នុងការលើកកម្ពស់សមភាពយេនឌ័រនិងបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រីគ្រប់រូប៕ដោយ÷ស សារឿន