
កំពត នៅថ្ងៃទី៥ ខែមិនា ឆ្នាំ២០២៥នេះលោក ធារ៉ាមន្ត្រីឧស្សានុរក្សបានឱ្យដឹងថានៃវត្តមានសត្វក្រៀលចុះមករកចំណី និងស្នាក់នៅក្នុងដែនអភិរក្សតំបន់ការពារទេសភាពអន្លង់ព្រីង ដែលស្ថិតនៅក្នុង ឃុំបឹងសាលាខាងត្បូ ស្រុកកំពង់ត្រាច ខេត្តកំពត ក្នុងឆ្នាំ២០២៥ គេឃើញមានវត្តមានសត្វក្រៀលដែលជាប្រភេទសត្វកម្របានធ្វើដំណើរមកដល់ក្នុងនោះមានវ័យជំទង់ចំនួន៩ក្បាលបន្ថែមទៀត។ លោក ធារ៉ា មន្ត្រីឧស្សានុរក្សទទួលបន្ទុកគ្រប់គ្រងថតរូបនៅតំបន់ការពារទេសភាពអន្លង់ព្រីងបានឱ្យដឹងថាបន្ទាប់ពីមានសត្វក្រៀលមកជាច្រើនក្បាលបានមកចុះមើលស្ថានការណ៍រួចត្រឡប់ទៅវិញកាលពីចុងខែធ្នូលុះមកដល់ថ្ងៃទី ៥ ខែមិនា ឆ្នាំ២០២៥ វត្តមានសត្វក្រៀលនៅបឹងអន្លង់ព្រីងមានចំនួន ៦៧ក្បាលក្នុងនោះវ័យជំទង់ចំនួន ៩ក្បាលបានមកបន្ថែមទៀត។ពេលនេះជាដើមរដូវ នៃវដ្តធ្វើដំណើរសត្វក្រៀលក្នុងការរកចំណី និងស្នាក់នៅក្នុងដែនអភិរក្សបឹងអន្លង់ព្រីងដែលស្ថិតនៅក្នុងឃុំបឹងសាលាខាងត្បូងក្នុងស្រុកកំពង់ត្រាចខេត្តកំពត។ផ្អែកតាមចំនួននេះ លោក ធារ៉ា មន្ត្រីឧស្សានុរក្សនិងបានសង្ឃឹមថាក្នុងឆ្នាំ២០២៥បរិមាណសត្វក្រៀលនៅបឹងអន្លង់ព្រីងអាចមានការកើនឡើងជាងឆ្នាំកន្លងទៅព្រោះកាលពីដើមខែមករាឆ្នាំ២០២៤ សត្វក្រៀលបានធ្វើដំណើរមកដល់ដំបូងមានត្រឹមតែ២៧ក្បាលទៅ៣០ក្បាលតែប៉ុណ្ណោះ។ភាពអំណោយផលចំពោះសត្វក្រៀលនៅតំបន់អន្លង់ព្រីងនាពេលបច្ចុប្បន្ន នៅបរិវេណជុំវិញ ក្រុមអ្នកអភិរក្សបានបង្កើនចំណីតាមរយ:ការព្រួសស្រូវដែលហៅថា “ស្រែមិត្តក្រៀល” ទុកជាចំណីសម្រាប់ពួកវា។សូមបញ្ជាក់ថា តំបន់អភិរក្សសត្វក្រៀលបឹងធម្មជាតិអន្លង់ព្រីងស្ថិតក្នុងឃុំបឹងសាលាខាងត្បូង និងឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ក្បែរខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម។ដើម្បីបានដល់រមណីយដ្ឋានធម្មជាតិមួយនេះ ភ្ញៀវអាចធ្វើដំណើរចេញពីទីប្រជុំជនស្រុកកំពង់ត្រាច ឆ្ពោះទៅទិសខាងត្បូងប្រមាណជាង១១គីឡូម៉ែត្រ។បឹងអន្លង់ព្រីងជាទីកន្លែងដ៏សំខាន់មួយសម្រាប់សត្វក្រៀលឆ្លងកាត់ និងស្នាក់នៅដើម្បីរកចំណីពេញមួយរដូវ បន្ទាប់ពីតំបន់អភិរក្សបឹងព្រែកល្ពៅខេត្តតាកែវ។បន្ទាប់ពីនេះហ្វូងសត្វក្រៀលនឹងធ្វើដំណើរចាកចេញពីអន្លង់ព្រីងទៅស្នាក់នៅខេត្តឧត្តរមានជ័យ រួចបន្តទៅពួនសម្ងំក្នុងខេត្តព្រះវិហារដើម្បីពងកូន។ ក្រៀលជាប្រភេទសត្វដែលត្រូវបានកត់ត្រាក្នុងសៀវភៅក្រហមពិភពលោកថា ជាសត្វកម្រនិងជិតផុតពូជពីភពផែនដី។(សឹង រ៉ាត់)


