2025-03-06 15:35
13

(កំពត) នៅថ្ងៃទី ៦ ខែមីនា ឆ្នាំ២០២៥នេះ លោក ស្មាន់ វណ្ណនីមល សមាជិកលេខាធិការដ្ឋានបានជំរុញភូមិ១ ផលិតផល១ នៃគណៈកម្មាធិការជំរុញចលនាភូមិ១ ផលិតផល ១របស់ខេត្តកំពតហើយលោកបានបញ្ជាក់ឲ្យដឹងថា ចលនាភូមិ១ ផលិតផល១ មិនត្រឹមតែជួយផ្ដល់នូវបច្ចេកទេសផលិតឬដាំដុះការកែច្នៃវេចខ្ចប់និងជួយស្វែងរកទីផ្សារដល់កសិករដើម្បីលេខកម្ពស់កម្រិតជីវភាពគ្រួសារប្រជាពលរដ្ឋឲ្យកាន់តែប្រសើរប៉ុណ្ណោះនោះទេប៉ុន្តែចលនាភូមិ១ ផលិតផល១ ក៏ជួយជំរុញ។និងលើកកម្ពស់ដល់វិស័យទេសចរណ៍ខេត្តកំពត។

ពីព្រោះភូមិ១ផលិតផល១ រួមបញ្ចូលទាំងផលិតផលកសិផលប្រជាកសិករនឹងផ្ដល់សេវាកម្មផ្សេងៗដែលល្អឯកហើយសម្គាល់ទីតាំងភូមិសាស្ត្រដែលអាចទាក់ ទាញភ្ញៀវទេសចរណ៍បានកាន់តែច្រើនរូបភាពផងដែរ។

មន្ត្រីជំនាញបានលើកឡើងថា ភូមិ១ផលិតផល១ មានរួមបញ្ចូលទាំងផលិតផល កសិផល និងសេវាកម្មផ្សេងៗដែលល្អឯក បង្ហាញទីតាំងភូមិសាស្ត្រ តួយ៉ាងដូចជាម្រេចកំពត ទុរេនកំពត ដូង និងចេកអំបូងលឿង និងអំបិលកំពតជាដើម លើសពីនេះ សេះសមុទ្របាញ់ទឹក នាឡិការយក្ស និងទឹករាំតាមចង្វាក់ភ្លេង ក៏ជាភូមិ១ផលិតផល១របស់ខេត្តកំពតដែរ។ហើយផលិតផលទាំងនេះជួយជំរុញលើកកមុ្ពស់ដល់វិស័យទេសចរណ៍របស់ខេត្តកំពត។

លោកស្រី កែវ សុខុន មេភូមិស្នំប្រាំពីរ ក៏បានបញ្ជាក់ឱ្យដឹងដែរថា នៅក្រោមការដឹកនាំរបស់ ឯកឧត្តម ម៉ៅ ធនិន  អភិបាលខេត្តកំពត និងមានការជំរុញលើកទឹកចិត្តពីលោក អ៊ឹម ច័ន្ទសោធន អភិបាលស្រុកទឹកឈូ ឱ្យភូមិស្នំប្រាំពីរ មានកន្លែងទាក់ទាញទេសចរណ៍ច្រើន ហើយនំចំណី ម្ហូបអាហារ ដំណាំហូបផ្លែនៅក្នុងភូមិ ពិសេសទុរេន បានរួមចំណែកសំខាន់ក្នុងការទាក់ទាញភ្ញៀវ មានន័យថាភូមិនេះ មានទាំងកន្លែងដើរលេងស្អាត និងមាននំចំណី ម្ហូបអាហារ និងផ្លែឈើឆ្ងាញ់ជាងគេថែមទៀតផង។ 

បើយោងតាមការបញ្ជាក់របស់មន្ត្រីលេខាធិការដ្ឋាន ក្រោមការចង្អុលបង្ហាញរបស់ឯកឧត្តមម៉ៅ ធនិន អភិបាលខេត្តកំពត និងជាប្រធានគណៈកម្មាធិការជំរុញចលនាភូមិ១ ផលិតផល១  ខេត្តបានធ្វើការចុះបញ្ជីផលិតផល កសិផល និងសេវាកម្មសរុប ចំនួន៥៧មុខ ជាសមាជិក ចលនាភូមិ១ ផលិតផល១ ហើយក្រុមការងារនៅតែបន្តខិតខំ ចុះពិនិត្យវាយតម្លៃ និងរៀបចំដាក់ពាក្យស្នើសុំចុះបញ្ជី ភូមិ១ផលិតផល១ ជាបន្តបន្ទាប់ទៅថ្ងៃមុខបន្តទៀត។ (សឹង រ៉ាត់)