
ស្វាយរៀង៖ ក្មេងទំនើង ចំនួន ០២ នាក់ បិទមុខតែងខ្លួនស្លៀកពាក់ជា Power Rangers ជិះម៉ូតូបង្ហោះលើផ្លូវសាធារណៈយ៉ាងអនាធិបតេតយ្យ និងបានបង្ហោះចែកចាយលើបណ្តាញសង្គម Tik tok ត្រូវសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលពងទឹក នៃអធិការដ្ឋានស្រុករំដួល ស្រាវជ្រាវ កោះហៅឱ្យចូលខ្លួនមកធ្វើការបំភ្លឺ រួចអប់រំណែនាំ ធ្វើកិច្ចសន្យាឱ្យបញ្ឈប់សកម្មភាព និងបានអនុញ្ញាតឱ្យវិលទៅផ្ទះវិញ។ នៅថ្ងៃទី០៤ មីនា ២០២៥ នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំពងទឹក នៃអធិការដ្ឋាននគរបាលស្រុករំដួល បានក្មេងទំនើង ចំនួន ០២ នាក់ ដែលស្លៀកពាក់តែងខ្លួន ជា «Power Rangers» ព្រមទាំងបិទមុខ និងជិះម៉ូតូហុងដា សេ១២៥ ពាក់ស្លាកលេខ ភ្នំពេញ 1LA-0213 ធ្វើសកម្មភាពបង្ហោះកង់មុខ តាមដងផ្លូវសាធារណៈ និងបានបង្ហោះចែកចាយនៅលើបណ្តាញទំនាក់ទំនងសង្គម Tik tok។ បន្ទាប់ពីស្រាវជ្រាវ សមត្ថកិច្ចបានហៅពួកគេមកធ្វើកិច្ចសន្យា ការណែនាំ អប់រំ ឱ្យអាណាព្យាមកធានាផងដែរ។ ក្រោយការសាកសួរ យុវជនទាំងពីរ បានសារភាពថា ពួកគេពិតជាថតវីដេអូសកម្មភាពបង្ហោះម៉ូតូតាមដងផ្លូវ រួចបង្ហោះលើបណ្តាញសង្គមប្រាដកមែន លុះក្រោយមកទើបត្រូវសមត្ថកិច្ចស្រាវជ្រាវរកឃើញ និងហៅឱ្យចូលខ្លួនបំភ្លឺតែម្តង។ នគរបាលបញ្ជាក់ថា សកម្មភាពនេះ មិនត្រឹមបង្កគ្រោះថ្នាក់ដល់សុវត្ថិភាពសាធារណៈ ប៉ុន្តែថែមទាំងធ្វើឲ្យពួកគេខ្លួនឯងជួបគ្រោះថ្នាក់ផងដែរ។ ការឃាត់ខ្លួននេះ គឺជាការការពារមុនពេលកើតហេតុ ដោយផ្តោតលើការអប់រំឲ្យយុវជនយល់ដឹងពីការគោរពច្បាប់ និងសុវត្ថិភាពចរាចរ៕