2025-03-06 10:13
14

កំពត)នៅថ្ងៃទី ៥ ខែមិនា ឆ្នាំ២០២៥នេះអាជ្ញាធរខេត្តកំពត និងប្រធានគណៈកម្មការទី៨ នៃព្រឹទ្ធសភា និងជាអនុប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងការអភិវឌ្ឍន៍បានបញ្ជាក់ថា ស្ត្រីជាមាតាពិភពលោក ជាឆ្អឹងខ្នងប្រទេសជាតិ ជាពុម្ពផលិតនូវធនធានមនុស្ស និងធនធានជាតិ និងបានដើរនាទីយ៉ាងសំខាន់លើគ្រប់វិស័យ ដើម្បីឲ្យប្រទេសអាចរក្សាបាននូវសន្តិភាព និងការអភិវឌ្ឍន៍សង្គមជាតិឲ្យកាន់តែប្រសើរ។

ថ្លែងនៅក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១៤ ឆ្នាំ២០២៥ ក្រោមប្រធានបទ “ សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប” ដែលបានធ្វើឡើងនៅខេត្តកំពត ក្រោមអធិបតីភាព លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ នៃព្រឹទ្ធសភា និងជាអនុប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងការអភិវឌ្ឍន៍  ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានបញ្ជាក់ថា សង្គមជាតិមួយកើតឡើងពីគ្រួសារតូចរួមបញ្ជូលគ្នា។

ហើយដើម្បីឲ្យសង្គមមួយល្អបាន គឺត្រូវផ្តើមចេញពីគ្រួសារតួចនីមួយៗ ដែលមានស្ត្រីជាភរិយា ជាម្តាយ ជាជីដូន ជាអ្នកបង្កើត ថែទាំ ណែនាំអប់រំ ទុកដាក់ផ្ទុងផ្តើមការងារផ្សេងៗបានល្អ ។
    
លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ នៃព្រឹទ្ធសភា និងជាអនុប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងការអភិវឌ្ឍន៍បានបញ្ជាក់ថា ក្រោមការជំរុញលើកទឹកចិត្តពីប្រមុខរាជរដ្ឋាភិបាល តាំងពីជំនាន់សម្តេចតេជោ បន្តដល់សម្តេចធិបតី ហ៊ុន ម៉ាណែត ស្ត្រីសម្រេចបានសមិទ្ធផល ៧ចំណុចសំខាន់៖ ទី១. ស្ត្រី និងក្រុមគ្រួសារបានទទួលផលពីសុខសន្តិភាព សុវត្ថិភាព កំណើនសេដ្ឋកិច្ច ភាពប្រសើរឡើងនូវសេវាសាធារណៈ  និងគោលនយោបាយកាត់បន្ថយភាពក្រីក្រ។ ទី២.ការចូលរួមរបស់ស្ត្រីនៅក្នុងវិស័យសេដ្ឋកិច្ចមានអត្រាខ្ពស់នៅក្នុងតំបន់ ដោយមានការគាំទ្រពីប្រព័ន្ធអេកូឡូស៊ី សម្រាប់សហគ្រិនហិរញ្ញភាព ការងារ និងសុខមាលភាព។ ទី៣. កម្ពុជាសម្រេចបានសមភាពយេនឌ៍រ ក្នុងការអប់រំកម្រិតបឋម និងមធ្យមសិក្សា។ ទី៤. អត្រាមរណភាពមាតាថយចុះ គួរឲ្យគាត់សំគាល់ ។

ទី៥.កាត់បន្ថយអំពើហិង្សាលើស្ត្រី ៦. ស្ត្រីត្រូវបានផ្តល់តម្លៃ និងទទួលស្គាល់នៅក្នុងសហគមន៍អន្តរជាតិ សម្រាប់ការចូលរួមថែសុវត្ថិភាព និងសន្តិភាព (កម្ពុជាលំដាប់លេខ១ នៅប្រទេសអាស៊ាន និងលេខ១៣ ក្នុងចំណោមប្រទេស ១២០ប្រទេស ដែលបានបញ្ជូនទាហ៊ាន ជាស្ត្រីក្នុងប្រតិបត្តិការ រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ) និងទី៧. ចំនួនស្ត្រីនៅក្នុងជួរថ្នាក់ដឹកនាំទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ កើនឡើងជាលំដាប់។

តែយ៉ាងណាក៏ដោយ លោកជំទាវ បានលើកទឹកចិត្តឲ្យស្ត្រីទាំងអស់ ត្រូវបន្តខិតខំអភិវឌ្ឍសមត្ថភាព បង្កើនចំណេះ ជំនាញ ពង្រឹងទំនាក់ទំនង ដើម្បីបំពេញភារកិច្ចតួនាទីរបស់ខ្លួន ឲ្យបានកាន់តែប្រសើរថែមទៀត ដើម្បីរួមចំណែករក្សាបាននូវសុខសន្តិភាព និងជំរុញការអភិវឌ្ឍន៍ប្រទេសជាតិ ឈានទៅសម្រេចចក្ខុវិស័យអភិវឌ្ឍប្រទេសឆ្នាំ២០៣០ ជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់  និង២០៥០ ជាប្រទេសអភិវឌ្ឍន៍ ឬ ចំណូលខ្ពស់។(សឹង រ៉ាត់)